រាជរដ្ឋាភិបាលសម្រេចជ្រើសរើសយកវ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នឹងធ្វើឡើងនៅវិមានសន្តិភាព។

ជាមួយនឹងការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗចៅៗទៅចាក់វ៉ាក់សាំងនោះ សម្តេចតេជោនាយកនាយករដ្ឋមន្ត្រីក៏នឹងនាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។ ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅព្រឹកនេះផងដែរ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា សម្តេចសម្រេចអនុញ្ញាតឱ្យចាក់ដូសទី៣ ដល់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសជំរុញ។ ចំពោះការចាក់ដូសទី៣ ដែលប្រើ AstraZeneca នេះ នឹងមិនប្រើលេីក្មេងឡើយ ដោយសារតែ AstraZeneca ត្រូវបានហាមឃាត់ចំពោះក្មេង៕
