អបអរសាទរ! សុនខក្រុមទី១ ចំនួន៣ក្បាលបានហិតរកឃេីញក្លិនសំណាកអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ដោយអាចហិតរកឃេីញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី
- August 2, 2021
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ័ ៩រោច ខែទុទិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន សុីម៉ាក់ខេត្តកំពង់ឆ្នាំង ខ្ញុំបានចុះមកពិនិត្យនិងវាយតំលៃការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។
ក្រោយពីបានទទួលសំណាកក្លិន(VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture)ដេីម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរេីការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខសុីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ។
សូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃេីញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី។ ការប្រេីប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដេីម។
ទន្ទឹងនឹងនេះខ្ញុំសូមរំលឹកជូនថា ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។ យេីងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ថានឹងឆ្លេីយតបតាមការរំពឹងទុក។ ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថាមានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡេីយ។
សុំបញ្ជាក់ថា សុនខទាំងនេះកេីតកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា! សូមអរគុណផងដែរចំពោះក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានផ្តល់កិច្ចសហការនិងចូលរួមយ៉ាងសកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ។
- Share This Post: