ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វ៉ាក់សំាងដែលទទួលស្គាល់ពី WHO អាចបង្កើតកងការពារទប់ទល់ជាមួយវីរុសកូវីដ១៩ គ្រប់ប្រភេទ រួមទាំងបំប្លែងថ្មី Delta ផងដែរ

BY
Khmernote Media
August 2, 2021

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) អាចមានសមត្ថភាពបង្កើតកងការពារ ទប់ទល់ជាមួយមេរោគនៃជំងឺកូវីដ ១៩ គ្រប់ប្រភេទ រួមទាំងវីរុសបំប្លែងថ្មី ប្រភេទ Delta ផងដែរ។ ថ្លែងក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ លោកជំទាវវេជ្ជ បណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថា អង្គការសុខភាពពិភព លោកបានចេញនូវសារណែ នាំ ក៏ដូចជាអប់រំទៅដល់បណ្ដាប្រទេសសមាជិករបស់ខ្លួនទាំងអស់ ដោយបានបញ្ជាក់ថា ថ្វីដ្បិតតែនៅក្នុងបរិបទនេះ បានរកឃើញនូវវីរុសប្រភេទថ្មី ដែលបំប្លែងចេញពីវីរុស អាល់ហ្វា ដែលវាមានសភាពមួយដែលអាចឆ្លង កាត់នូវប្រព័ន្ធភាពស៊ាំនៅក្នុងសរីរាង្គកាយ។

ទោះបីជាបែបនេះ លោក ជំទាវបន្តថា តាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ ជាពិសេសវ៉ាក់សាំង ដែលមានការសិក្សាយ៉ាងល្អិតល្អន់ ពីអង្គការសុខភាពពិភពលោក ដែលគេបានដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ គឺសុទ្ធសឹងតែជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព នៅក្នុងការបង្កើតបាននូវកង ការពារ ដើម្បីទប់ទល់ជាមួយ នឹងវីរុសកូវីដ១៩។

« ទោះបីជាយ៉ាង ណាក៏ដោយវ៉ាក់សាំងកូវីដ ១៩ដែលយើងកំពុងប្រើ ប្រាស់ ដែលឋិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការ សុខភាពពិភពលោកនេះ នៅតែជាឧបករណ៍ដែលមានសារសំខាន់សម្រាប់វ៉ៃបកជា មួយនឹងវីរុសកូវីដ១៩ ទោះជាប្រភេទណាក៏ដោយ។ អ៊ឺចឹងវ៉ាក់សាំងនេះ វានៅតែមានសារសំខាន់សម្រាប់បុគ្គលគ្រប់រូប នៅពេលដែលលោកទទួលបានវ៉ាក់សាំងនេះ គឺមានន័យថាជួយទោះបីជាយើងឈឺទោះបីជាឆ្លង ក៏សរីរាង្គយើងបញ្ចេញនូវកងការពារនេះទប់ទល់ បើទោះជាមិនបាន ១០០ភាគ រយ ក៏ឱ្យវីរុសនេះធ្លាក់ចុះនូវឥទិ្ធពលរបស់វា។ អ៊ីចឹងស្ថាន ភាពឈឺរបស់យើង វាអត់ធ្ងន់ ចាំបាច់អីទៅសម្រាកនៅពេទ្យ ដូច្នោះហើយបានជាគេសង្កេត ឃើញថាអត្រាសម្រាកនៅមន្ទីរពេទ្យ ថយចុះ ។ ហើយទន្ទឹមនឹងនោះ ប្រសិនបើយើងឈឺវាមិនធ្ងន់ធ្ងរមិនមានតម្រូវ ការចូលសម្រាកពេទ្យ ដូច្នេះអត្រាស្លាប់ក៏មានការធ្លាក់ចុះ អតិបរិមាផងដែរ»។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏លទ្ធ ភាពនៃការចម្លងវីរុសកូវីដ១៩ នៅតែអាចកើតមាន ដូចនេះអ្វីដែលសំខាន់នាពេលនេះ គឺត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសការអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ហើយកាត់បន្ថយការធ្វើដំណើរបើគ្មានករណីចាំ បាច់ទេនោះ ដើម្បីកាត់បន្ថយពីការចម្លងជំងឺដ៏កាចសាហាវនេះ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨,៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១,៥១៧នាក់ និងស្លាប់សរុបចំនួន ១,៤៤២នាក់។ ដោយឡែកពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១សីហា កម្ពុជារកឃើញ Delta សរុប២២៣ ករណី ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៥ករណី៕

Share This Post: