កូវីដ-១៩

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺកូវីដ១៩ បំប្លែងខ្លួន Delta Plus ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
August 3, 2021

ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta Plus ខណៈដែលប្រទេសនេះផ្ទាល់កំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងទី៤ នៅទូទាំងប្រទេស។ វ៉ារ្យ៉ង់ Delta Plus គឺជាសែស្រឡាយតែមួយនៃវ៉ារ្យ៉ង់ Delta ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវាមានវត្តមានអាស៊ីដ​អាមីណេ K417N ដែលត្រូវបានគេរកឃើញនៅក្នុងវ៉ារ្យ៉ង់ Beta របស់អាហ្វ្រិកខាងត្បូង នៅលើប្រូតេអ៊ីន spike របស់វា។

រហូតមកដល់ពេលនេះរបាយការណ៍ទាក់ទងនឹងករណី Delta Plus នៅមានតិចតួចណាស់ ហើយប្រទេសមួយចំនួនតូចរួមទាំងអង់គ្លេស ព័រទុយហ្កាល់ និងឥណ្ឌា បានរាយការណ៍ពីវាខ្លះៗ ដោយមិនទូលំទូលាយដូចវ៉ារ្យ៉ង់ Delta នោះទេ។ KDCA បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រថា ករណីដំបូងរបស់ Delta Plus នៅកូរ៉េខាងត្បូង បានកើតលើបុរសម្នាក់មានអាយុ ៤០ ឆ្នាំ ដែលមិនមានកំណត់ត្រាធ្វើដំណើរទៅណានោះឡើយ។ ចំណែកលទ្ធផលតេស្តលើមនុស្សដែលមានទំនាក់ទំនងជាមួយគាត់បានបង្ហាញថា សមាជិកគ្រួសារម្នាក់របស់គាត់បានវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែ KDCA មិនបានបញ្ជាក់ថា អ្នកជំងឺបានឆ្លងវ៉ារ្យ៉ង់ Delta Plus ឬទេ។

ការសិក្សាលើ Delta Plus ក៏មិនមានច្រើនប៉ុន្មានដែរ ប៉ុន្តែអ្នកវិទ្យាសាស្ត្រខ្លះបាននិយាយថា វ៉ារ្យ៉ង់របស់ Delta Plus ប្រហែលជាអាចចម្លងបានលឿនបងប្អូនរបស់វា។ ឥឡូវនេះក៏មានការសិក្សានៅក្នុងប្រទេសឥណ្ឌា និងទូទាំងពិភពលោក ដើម្បីសាកល្បងប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវ៉ារ្យ៉ង់មួយនេះ។ ប្រទេសកូរ៉េខាងត្បូងសព្វថ្ងៃមានករណីជំងឺ COVID-19 ២០២,២០៣ ករណី ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២,១០៤ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: