ព័ត៌មានជាតិ

ការអនុវត្តបម្រាមគោចរនៃការបិទការធ្វើដំណើរពេលយប់ រយៈពេល៤យប់នេះ សមត្ថកិច្ចឃាត់យានយន្តល្មើសបម្រាមគោចរបានជាង ១០០០គ្រឿង

BY
Khmernote Media
August 4, 2021

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល០៤ថ្ងៃ ក្នុងការអនុវត្តបម្រាមគោចរនៃការបិទការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីម៉ោង ០៩ រហូតដល់ម៉ោង ៣ ភ្លឺ អាជ្ញាធរមានសមត្ថកិច្ចចម្រុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានធ្វើការឃាត់យានយន្តគ្រប់ប្រភេទ ដែលល្មើសទៅនឹងបម្រាមគោចរ បានចំនួនជាង ១០០០គ្រឿង ហើយក្នុងនោះយើងបានផាកពិន័យនៅនឹងកន្លែងចំនួនជិត៣០០គ្រឿង ក្រៅពីនោះយើងបានបញ្ជូនទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ។

ខាងលើនេះជាការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ។

លោកឧត្ដមសេនីយ៌ ស ថេត បានមានប្រសាសន៍លើកឡើងថា ការអនុវត្តបនូវបម្រាមគោចរនេះនៅក្នុងថ្ងៃទី១ យើងបានឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើនបានល្មើសទៅនឹងបម្រាមគោចរនេះ តែនៅថ្ងៃទី០២ យើងបានឃើញថា បងប្អូនមួយចំនួនមានការចូលរួមច្រើនមានន័យថា អ្នកដែលល្មើសនឹងបម្រាមគោចរនេះ ហាក់ដូចជា មានការថយចុះជាច្រើន ។

ដោយឡែកសម្រាប់ថ្ងៃទី០៣វិញឃើញថា ប្រជាពលរដ្ឋពិតជាបានយល់ដឹងច្រើន ដោយនៅតាមដងផ្លូវនានាខណៈដែល វេលាម៉ោងកំណត់នៃការបិទបម្រាមគោចរមកដល់ឃើញថា គ្រប់ផ្លូវទាំងអស់នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្ងប់ស្ងាត់ មិនមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនោះទេ នេះបង្ហាញឱ្យឃើញពីការចូលរួមរបស់បងប្អូនប្រជាពរដ្ឋ ក្នុងការអនុវត្តវិធានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទបម្រាមគោចរពីម៉ោង០៩ដល់ម៉ោង០៣ភ្លឺ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ដោយសារតែ មានម៉ូតូក្មេងៗប៉ុន្មានជា៣ទៅ៤គ្រឿងបានធ្វើដំណើរតាមដងផ្លូវ ល្មើសទៅនឹងបម្រាមនេះ ហើយក្រោយពីយើងធ្វើការឃាត់និងសាកសួរ គឺពួកគាត់ចេញពីធ្វើការនៅក្រុមហ៊ុនឯកជនមួយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ករណីនេះយើងត្រូវតែធ្វើការផាកពិន័យ ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត ។

លោកឧត្ដមសេនីយ៌ ស ថេត បញ្ជាក់ផងដែរថា ៖ក្នុងរយៈពេល ០៤ថ្ងៃនៃការអនុវត្តបម្រាមគោចរនេះ កម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញឃាត់យានយន្តគ្រប់ប្រភេទបានចំនួន១០៥៣គ្រឿង ក្នុងនោះមានរថយន្តចំនួន១០៧ គ្រឿង ។ ក្នុងនោះយើងបានផាកពិន័យយានយន្តចំនួន២៦៣គ្រឿង និងក្រៅពីនោះ បានបញ្ជូនទៅរក្សាទុកនៅតាមបណ្ដាខណ្ឌនីមួយៗ ។

លោកឧត្ដមសេនីយ៌បញ្ជាក់ផងដែរថា ចំពោះបម្រាមគោចរនេះ គឺមិនមែនការលើកលែងឬ អប់រំនោះទេ បើទោះបីជាមន្ត្រីរាជការក៏ដោយ បើពួកគាត់មិនមានកាតព្វកិច្ចដើម្បីបំពេញការងារ ធ្វើដំណើររហេតរហូតគឺត្រូវតែឃាត់និងធ្វើការផាកពិន័យ ដូចប្រជាពលរដ្ឋទូទៅដែរ ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា៕

Share This Post: