ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរូបស្រស់ម្នាក់បានសម្រេច ហើយថែមទាំងធាក់ម៉ូតូរបស់នាង ជ្រុលទៅបុកកញ្ចក់ហាងកាហ្វេមួយកន្លែង បណ្ដាលអោយដួលអូសជាច្រើនម៉ែត្ររងបួសដៃធ្ងន់

BY
srey nuch
August 4, 2021

រាជធានីភ្នំពេញ៖ ជនសង្ស័យមួយក្រុម មានគ្នាប្រហែល៤ម៉ូតូ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរូបស្រស់ម្នាក់ ដែលដាស់កាស់ស្ដាប់ហើយជិះម៉ូតូតាមផ្លូវបានសម្រេច ហើយបក្ខពួកបិទគូទបានធាក់ម៉ូតូរបស់នាង ជ្រុលទៅបុកកញ្ចក់ហាង J’ADORE Cafe បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ រងរបួសដៃធ្ងន់ ហើយនាំគ្នាជិះរត់បាត់ដោយសុវត្ថិភាព។

ករណីឆក់ទូរស័ព្ទបានសម្រេចនេះ កើតឡើងកាលពីវេលាម៉ោង០៨៖១០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចជាប់ហាងកាហ្វេ J’ADORE Cafe ស្ថិតនៅផ្លូវ៥២៨ កែងផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុគេឃើញនារីជាជនរងគ្រោះម្នាក់មិនបានប្រាប់ អត្តសញ្ញាណនោះទេ មានវ័យ ២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូ ភី (Honda Scoopy) ពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ 1FT-7893 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៣៧ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ នារីរងគ្រោះក៏បានជិះម៉ូតូបត់ឆ្វេងទៅផ្លូវ៥២៨ នៅពេលដែលបត់បានបន្តិច ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាជិត ១០នាក់ ជិះម៉ូតូ ៤គ្រឿង (មិនចាំម៉ាក) ដោយជិះស្របទិសដៅគ្នាតាមពីក្រោយនារីរងគ្រោះ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកក្រុមជនសង្ស័យក៏បានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃមួយគ្រឿងពីនារីរងគ្រោះដែលទូរស័ព្ទនោះ នាងបានដោតកាសស្ដាប់ជាប់ត្រចៀក និងដាក់ទូរស័ព្ទក្នុងឃ្លុបម៉ូតូខាងមុខ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចហើយ ស្រាប់តែមានបក្ខពួកក្រុមជនសង្ស័យ ដែលជាអ្នកបិទគូទ បានជិះមកធាក់ម៉ូតូរបស់នារីរងគ្រោះ ធ្វើឲ្យរេចង្កូតជ្រុលទៅឡើងលើចិញ្ចើមផ្លូវទៅ បុកជញ្ជាំងកញ្ចក់ហាងកាហ្វេត្រង់ចំណុចកើតហេតុ បែកខូចខាតអស់មួយផ្ទាំងនិងបណ្តាលឱ្យនារី រងគ្រោះរងរបួសរយះដៃចំណែកឯម៉ូតូបាន រងការខូចខាតបន្តិចបន្តួច ដោយឡែកក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ នារីរងគ្រោះក៏បានទំនាក់ទំនងទៅក្រុមគ្រួសារហើយ ត្រូវបានក្រុមគ្រួសារមកដឹកតាមរថយន្តយកទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកឯម៉ូតូរបស់នារីរងគ្រោះត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ រង់ចាំស្ត្រីរងគ្រោះមកធ្វើការដាក់ពាក្យបណ្ដឹង និងយកម៉ូតូត្រឡប់ទៅវិញនៅពេលក្រោយជាបន្តទៀត ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: