អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide កំពុងស្នើសុំការគាំទ្រពីអ្នកជំនាញសុខាភិបាល លើការអនុញ្ញាតឱ្យពលរដ្ឋទៅសម្រាកព្យាបាលជំងឺកូវីដ១៩នៅតាមផ្ទះ

BY
autoadmin
August 4, 2021

នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide កំពុងស្នើសុំការគាំទ្រពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នៅក្នុងការផ្តល់ការថែទាំសុខភាព ជូនដល់អ្នកជំងឺ COVID-19 ដែលត្រូវសម្រាកនៅតាមផ្ទះ។ ការស្នើសុំនេះបានកើតមានឡើង បន្ទាប់ពីលោក Suga បានប្រកាសអំពីគោលនយោបាយថ្មីមួយកាលពីថ្ងៃច័ន្ទ ដែលនឹងអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 ដែលគ្មានអាការៈធ្ងន់ធ្ងរត្រូវសម្រាកនៅផ្ទះរបស់ពួកគេ។ លោកបានពន្យល់ថា ការអនុវត្តបែបនេះនឹងធានាថា អ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ និងអ្នកដែលត្រូវការជំនួយដង្ហើម ឬមានជំងឺប្រចាំកាយស្រាប់ អាចមានកន្លែងសម្រាកព្យាបាលគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យ។

លោកបានបន្ថែមថា អ្នកជំងឺផ្សេងទៀតនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ប្រសិនបើស្ថានភាពរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា គាត់ចង់ឱ្យវេជ្ជបណ្ឌិតនៅតាមគ្លីនិកក្នុងតំបន់ ត្រូវតាមដានស្ថានភាពអ្នកជំងឺដែលមិនបានសម្រាកនៅមន្ទីរពេទ្យ និងផ្តល់ការថែទាំចាំបាច់តាមរយៈការទៅដល់ផ្ទះ ឬការពិគ្រោះយោបល់តាមអ៊ីនធឺណិត។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក នៅក្នុងការការពារជីវិត និងសុខុមាលភាពរបស់ប្រជាជន ដោយបន្តអំពាវនាវឱ្យមានការសហការក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឱ្យបាននូវគ្រែមន្ទីរពេទ្យគ្រប់គ្រាន់សម្រាប់អ្នកជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: