ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចកាច់.កម៉ូតូមួយគ្រឿងបានសម្រេច យកទៅដាក់បញ្ចាំ ប៉ុន្មានម៉ោងក្រោយមកក៏ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញឃាត់ខ្លួនបាន តែបែរជាជនសង្ស័យធ្វើជាឆ្កួតទៅវិញ

BY
srey nuch
August 4, 2021

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់.កម៉ូតូ Zoomer-X មួយគ្រឿង បានសម្រេច យកជិះគេចខ្លួនបាត់ប៉ុន្មានម៉ោង ត្រូវបានម្ចាស់ម៉ូតូរងគ្រោះ តាមរកឃើញនិងចាប់ឃាត់ខ្លួនបាន បែរជាជនសង្ស័យធ្វើជាឆ្កួតទៅវិញ ទើបជនរងគ្រោះទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានកើតហេតុ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ចុះមកយកជនសង្ស័យរូបនោះយកទៅ សាកសួរផងដែរ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង០០៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ឈិត អាយុ៣០ឆ្នាំជាង មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ម៉ាក Zoomer-X ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GL-4663 ជារបស់ជនរងគ្រោះមានឈ្មោះ យឿន ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំជាង មុខរបរ អាជីវករ (លក់ទូរស័ព្ទដៃ) ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារបាត់បង់ម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះត្រូវបានជនសង្ស័យ យកទៅដាក់បញ្ចាំយកលុយ ទិញគ្រឿងញៀនយកទៅប្រើប្រាស់អស់មួយចំនួន និងលុយមួយចំនួនដែលនៅសល់ជនសង្ស័យបានយកទៅលេងល្បែងចាញ់អស់ហើយ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួន នៅចំណុចមុខផ្ទះលក់ឥវ៉ាន់មួយកន្លែង ស្ថិតនៅផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ លុះមកដល់វេលាម៉ោង០៧៖១០នាទីយប់ ថ្ងៃអង្គារ៍ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ(ដែលជាម៉ោងកើតហេតុ) ស្រាប់តែលេចមុខជនសង្ស័យម្នាក់ខាងលើ បានធ្វើសកម្មភាពមកអង្គុយពីលើម៉ូតូ លួចកាច់បំបែកសោរកបានសម្រេច រួចយកម៉ូតូជិះចេញទៅគេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយពីម៉ូតូរបស់ខ្លួនត្រូវបានចោរលួចយកទៅបាត់ ជនរងគ្រោះក៏បានទៅបើកមើលតាម កាមេរ៉ាសុវត្ថិភាព និងស្គាល់ពីភិនភាគរបស់ជនសង្ស័យ និងបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ រកម៉ូតូរបស់ខ្លួនផង។

បន្ទាប់ពីដាក់ពាក្យបណ្ដឹងហើយ ជនរងគ្រោះនិងមិត្តភ័ក្តរបស់ជនរងគ្រោះដែលជាសមត្ថកិច្ចដែលនោះ ក៏បាននាំគ្នាដើររកមើល រហូតមកទល់ម៉ោង០០៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ កំពុងដើរតាមផ្លូវ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ទើបនាំគ្នាចាប់ឃាត់ខ្លួនតែម្ដង រួចទំនាក់ទំនងទៅកាន់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ ដែលជាមូលដ្ឋានកើតហេតុ ចុះមកនាំជនសង្ស័យទៅធ្វើការសាកសួរ អស់រយៈពេលជិត១ម៉ោងក្រោយមក ទើបឃើញ វត្តមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ ចុះមកដល់កន្លែងកើតហេតុ ធ្វើការសួរនាំជនសង្ស័យសិន រីឯជនសង្ស័យមិនឆ្លើយតបអ្វីឡើយ កាន់យួរចាខ្វៃមួយថង់ធ្វើខ្លួនដូចជាមនុស្សមានបញ្ហាសតិ មិនឆ្លើយតបអ្វីទាំងអស់ ទើបសមត្ថកិច្ចឲ្យប្រជាពលរដ្ឋជួយដឹកជនសង្ស័យខាងលើ យកទៅដល់មុខស្នាក់ការប៉ុស្តិ៍ផ្សារកណ្ដាលទី១ ដើម្បីប្រគល់ឲ្យធ្វើការសាកសួរផងដែរ។

បច្ចុប្បន្នក្រោយកើតហេតុ ជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ កំពុងសួរនាំនិងឃាត់ខ្លួនបណ្ដោះអាសន្ន នៅប៉ុស្តិ៍ផ្សារកណ្ដាលទី១ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: