ព័ត៌មានជាតិ

កាលបរិច្ឆេទនៃការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជំនួយរបស់ចក្រភពអង់គ្លេសត្រូវបានពន្យារពេល ដល់រសៀលថ្ងៃទី០៥ ខែសីហាស្អែកវិញ

BY
srey nuch
August 4, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កាលបរិច្ឆេទនៃការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Asra Zeneca ដែលជំនួយរបស់ចក្រភពអង់គ្លេសផ្ដល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលមុននេះគ្រោងនឹងមកដល់កម្ពុជានាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ទៅដល់រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១វិញ ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលការមកដល់នៃវ៉ាក់សាំងនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ដែរថា នៅក្នុងសន្និសីទសារព័ត៌មាននិងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កន្លងទៅនេះមានការធ្វើអត្ថាធិប្បាយថា វ៉ាក់សាំងចិនមកដល់ខ្ញុំចេញទទួល វ៉ាក់សាំងជប៉ុនមកដល់ខ្ញុំចេញទទួល វ៉ាក់សាំងដែលជាជំនួយតាមយន្តការ COVAX កាលពីខែមីនា ខ្ញុំមិនចេញទទួល ហើយថ្ងៃមុននេះពេលវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកមកដល់ក៏ខ្ញុំមិនចេញទទួលដែរ។

សម្ដេចតេជោថ្លែងបញ្ជាក់ថា «ខ្ញុំទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយទ្វេភាគីទេ»។ ដូច្នេះប៉ុន្មានថ្ងៃខាងមុខ គឺនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេសមកដល់ ខ្ញុំនឹងចេញទៅទទួល ប៉ុន្តែបើមកតាមក្របខ័ណ្ឌ COVAX ដែល COVAX ជាអង្គការពហុភាគី ដែលកម្ពុជាក៏ជាសមាជិករបស់ COVAXដែរ ខ្ញុំមិនចេញទៅទទួលនោះទេ គឺខ្ញុំឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចេញទទួល។ «ដូច្នេះខ្ញុំសូមបញ្ជាក់កុំឱ្យថា ខ្ញុំមានការរើសអើង គឺខ្ញុំគ្មានការរើសអើងនោះទេ បើផ្ដល់ជំនួយទ្វេភាគីខ្ញុំចេញ តែបើមកតាមពហុភាគី គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអ្នកចេញទៅទទួល គឺគ្រប់គ្រាន់ហើយ»។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលថ្លែងបន្តថា កម្ពុជាអរគុណចំពោះរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានសន្យាផ្ដល់វ៉ាក់សាំង បើទោះបីជាមិនទាន់បានមកដល់។ កម្ពុជាមិនទាត់ចោលជំនួយពីប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណានោះទេ។

ដោយឡែក ក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន៤១៥ ០០០ដូស ដល់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស Dominic Raab មានប្រសាន៍ថា ក្នុងសប្ដាហ៍នេះចក្រភពអង់គ្លេសនឹងចាប់ផ្ដើមបញ្ជូនវ៉ាក់សាំង Covid-19 ចំនួន ៩ លានដូសទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងបន្តថា «ចក្រភពអង់គ្លេសនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ដូសទៅកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការផ្ដល់វ៉ាក់សាំងចំនួន ១០០លានដូសដំបូងដែលយើងបានប្ដេជ្ញា ដើម្បីជួយឱ្យតំបន់ដែលក្រីក្របំផុតនៃពិភពលោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់»។ «យើងកំពុងធ្វើការដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុត ហើយក៏ព្រោះតែយើងដឹងថា យើងនឹងមិនមានសុវត្ថិភាពទេ រហូតទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព»។

លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាមានប្រសាសន៍ថា «វ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដូសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋានដើម្បីចាប់ផ្ដើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្ដារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ»។ «ខ្ញុំពិតជារីករាយ ដែលចក្រភពអង់គ្លេសប្ដេជ្ញាចិត្តក្នុងការបរិច្ចាកវ៉ាក់សាំងនៅទូទាំងពិភពលោក ទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ»។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង២០លាន៣សែនដូស ភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន៣,២លានដូស វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៤ លានដូសទិញពីក្រុមហ៊ុនស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិនចំនួន ១១,៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra Zeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤ ០០០ដូស វ៉ាក់សាំង Astra Zeneca ជំនួយរដ្ឋាភិបាលជប៉ុនតាមរយៈ Covax Facility ចំនួនជាង ៣៣០ ០០០ដូស និង វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈ Covax Facility ចំនួនជាង១លានដូស ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: