ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺករណីបង្ហោះក្នុងហ្វេសប៊ុកថា មានមន្ត្រីយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារឲ្យសាច់ញាតិ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិក

    BY Khmernote Media August 6, 2021
    ស្នងការរាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺករណីបង្ហោះក្នុងហ្វេសប៊ុកថា មានមន្ត្រីយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារឲ្យសាច់ញាតិ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិក

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសបុកមួយឈ្មោះថា Heng Sothea និង​ ព័ត៌មាន​ សុខភាព​ កំសាន្ត​ ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរបស់កងកម្លាំងនគរបាលជាតិ។

    បន្ទាប់ពីបានឃេីញការចុះផ្សាយរបស់គណនីហ្វេសបុកខាងលេី ថាមានមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក​ ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញាតិ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាឲ្យក្រុមការងារនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា ចុះស្រាវជ្រាវភ្លាមៗដល់ទីតាំង​ បន្ទាប់ពីធ្វេីការសាកសួរលម្អិត​បានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន សាច់ញាតិដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិកនោះទេ ជាក់ស្តែងដោយសារតែកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរឹងតាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ ហេីយបុគ្គលដែលផុសព័ត៌មានមិនពិតនោះក្នុងគោលបំណងអាក្រក់ដេីម្បី បង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដេីម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅធ្វេីចត្តាឡីស័ក និងព្យាបាល ២៤ម៉ោង/២៤ម៉ោង ។

    បញ្ហាដែលធ្វេីឲ្យបុគ្គលនេះខឹងហេីយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះយកម្ហូបអាហារមកឲ្យសាច់ញាតិរបស់ខ្លួនដែលកំពុងសម្រាកព្យាបាលកូវីដនៅស្តាត​ ខុសពេលម៉ោងដែលគ្រូពេទ្យកំណត់ជាច្រេីនលេីកច្រេីនសារ និងមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូច្នេះហេីយទេីបសមត្ថកិច្ចប្រចាំការតាមច្រកចេញចូលមិនអនុញ្ញាតឲ្យចូល ហេីយក៏មានការខឹងនឹងសមត្ថកិច្ចដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយខុសពីការពិតចោទប្រកាន់មកលេីសមត្ថកិច្ចទៅវិញ ។

    ក្រោយពីការផុសព័ត៌មានមិនពិតបានរយ:ពេលប្រហែលជា​ ៣ម៉ោង​ ម្ចាស់គណនីរូបនេះហាក់បីដូចជាដឹងខ្លួន​ ក៏បានលុបព័ត៌មាននេះចោលបាត់ហេីយ​។ ទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់គណនីទាំងនេះដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕

    Share This Post: