កូវីដ-១៩

ប្រទេសវៀតណាមនៅតែប្រឈមនឹងការឆ្លងដ៏អាក្រក់ពីជំងឺកូវីដ១៩ ដោយបានបន្ថែមករណីថ្មីចំនួន ៨,៣២០ ករណី កាលពីថ្ងៃសុក្រម្សិលមិញនេះ

BY
autoadmin
August 7, 2021

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤,៣១១ ករណី កាលពីល្ងាចថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនសរុបនៅថ្ងៃដដែលមានដល់ ៨,៣២០ ករណី ខណៈចំនួនសរុបទាំងអស់នៅក្នុងរលកទី៤ របស់ខ្លួនបានកើនឡើងដល់ ១៨៩,៤២២ ករណី។ ក្នុងនោះទីក្រុងហូជីមិញតែមួយ បានកត់ត្រាករណីថ្មីបន្ថែមចំនួន ១,៤៩៧ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង មានចំនួន ៨៤៧ ករណី និងខេត្តឡុងអាន ចំនួន ៥៧៣ ករណី ហើយក្រៅពីនោះគឺត្រូវបានរកឃើញនៅខេត្តក្រុងចំនួន ២៩ ផ្សេងទៀត។

ចំនួនអ្នកដែលបានជាសះស្បើយចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត បានកើនឡើងដល់ ៦២,៣៣២ នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន ៤,២៩២ នាក់បន្ថែមទៀត បានជាសះស្បើយកាលពីថ្ងៃសុក្រ។ ចំណែកអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងខែនេះផ្ទាល់បានកើនឡើងដល់ ២៩៦នាក់ ដោយក្នុងនោះមាន ២១៩នាក់ ត្រូវបានកត់ត្រានៅទីក្រុងហូជីមិញ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមមានដល់ ៣,០១៦នាក់។ ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋវៀតណាមជាង ៨ លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១លើក គិតមកទល់នឹងពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: