ព័ត៌មានជាតិ
កម្ពុជាអនុញ្ញាតឲ្យជនជាតិឥណ្ឌា និងជនបរទេសអាចធ្វើដំណើរមកពីប្រទេសឥណ្ឌាចូលប្រទេសកម្ពុជាវិញបាន
BY Khmernote Media
August 7, 2021
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមភាពធូរស្រាលនៃការរីករាលដាលជម្ងឺកូវីដ១៩ នៅសាធារណៈរដ្ឋឥណ្ឌា ក្រសួងសុខាភិបាលសូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះនឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង ២៣ និង៥៩នាទីថ្ងៃទី០៦ (០០ និង០១នាទី ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១ តទៅ៕
