កូវីដ-១៩

គិតមកទល់នឹងពេលនេះ ចំនួនករណីជំងឺកូវីដ១៩ នៅប្រទេសជប៉ុនកើនដល់ ១,០០០,០០០ ករណីហើយ

BY
autoadmin
August 7, 2021

ចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១ លានករណី គិតត្រឹមថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នៅចំពេលដែលប្រទេសនេះប្រឈមនឹងរលកទី៥ ដែលកំពុងចម្លងរាតត្បាតក្នុងល្បឿនលឿនជាងពេលណាៗទាំងអស់។ គួររំលឹកដែរថា ប្រទេសជប៉ុនបានកត់ត្រាករណីជំងឺ COVID-19 ដំបូងបំផុតរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយបានរកឃើញលើបុរសវ័យ ៣០ឆ្នាំម្នាក់ រស់នៅខេត្ត Kanagawa បន្ទាប់ពីគាត់បានត្រឡប់ពីទីក្រុងវូហានរបស់ប្រទេសចិន។

ក្រោយមកចំនួនករណីបានកើនលើសពី ១០,០០០ ករណី នៅត្រឹមខែមេសា ឆ្នាំ២០២០ ហើយមិនយូរប៉ុន្មានរដ្ឋាភិបាលក៏បានប្រកាសភាពអាសន្ននៃជំងឺឆ្លងជាលើកដំបូងរបស់ខ្លួន។ ករណីសរុបបានបន្ដឈានដល់ ៥០០,០០០ ករណី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅចំពេលដែលជប៉ុនប្រឈមនឹងរលកទី៤ នៃការឆ្លងជំងឺរាតត្បាត ដែលភាគច្រើនទាក់ទងជាមួយនឹងករណីជំងឺ COVID-19 បំប្លែងខ្លួន Alpha ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស។ ប្រទេសនេះបានចំណាយពេលប្រហែល ១៥ ខែ ទម្រាំមានករណីចំនួនកន្លះលាន ប៉ុន្តែក្រោយមកវាមិនដល់ ៤ ខែផង ប្រទេសនេះអាចកើនករណីដល់ ១ លានករណី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: