ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសងភ្នាល់ទឹកភ្លៀងឃាត់ខ្លួនបានចំនួន ០៥នាក់និងដកហូតវត្ថុតាងមួយចំនួន នៅក្រុងបាត់ដំបង

    BY Khmernote Media August 9, 2021
    សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសងភ្នាល់ទឹកភ្លៀងឃាត់ខ្លួនបានចំនួន ០៥នាក់និងដកហូតវត្ថុតាងមួយចំនួន នៅក្រុងបាត់ដំបង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥និង១៤នាទី អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

    ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ចំនួន០២ ចំណុចគឺនៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង និងចំណុចក្នុងព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបាននាំខ្លួនអ្នកប្រព្រឹត្តចំនួន ០៥នាក់ រួមទាំងរថយន្តនិងសម្ភារពាក់ព័ន្ធមួយចំនួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖

    – ទូរស័ព្ទដៃ ចំនួន ០៧ គ្រឿង
    – វិទ្យុទាក់ទងចំនួន ០៥ គ្រឿង
    – រថយន្តចំនួន ០៣ គ្រឿង ។

    សូមជម្រាបជូនថា ករណីល្បែងភ្នាល់ទឹកភ្លៀងនេះ កន្លងទៅសមត្ថកិច្ចធ្លាប់បានធ្វើការបង្រ្កាប ជារឿយៗហើយថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងអនុវត្តតាមច្បាប់ទៀតផង តែអ្នកប្រព្រឹត្តមួយចំនួន មិនបានបោះបង់នោះទេ ក្នុងនោះ ពួកគាត់បានផ្លាស់ប្តូររូបភាពពីការប្រមូលផ្តុំគ្នាច្រើនៗ ទៅជារូបភាពតូចៗ នៅតាមទីវាលស្រែឆ្ងាយ ឬទីឆ្ងាយស្រឡះ ដើម្បីមើលមេឃ និងបានឃើញជាមុនក្នុងករណីពេលមានការចុះបង្រ្កាបពីសំណាក់សមត្ថកិច្ច។

    បើទោះបីជាបែបនេះក្តីសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលមានលោកឧត្តមសនីយ៍ទោ សាត គឹមសាន ជាស្នងការបន្តដឹកនាំជម្រុញដាក់វិធានការគ្រប់ពេលដល់ផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង ស្រុកឱ្យធ្វើការបង្រ្កាបគ្រប់អំពើល្មើសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដែលក្នុងនោះរួមមានទាំងល្បែងស៊ីសងគ្រប់ប្រភេទរួមទាំង ល្បែងភ្នាល់ទឹកភ្លៀងនេះជាដើមផង។
    អ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងទាំង០៥នាក់ព្រមទាំងសម្ភារភស្តុតាងផងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: