អាជ្ញាធរខេត្តឧត្តរមានជ័យបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតាជិត១០០នាក់ហើយនៅក្នុងសហគមន៍
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា(Delta) ជិត ១០០នាក់ហើយ នៅក្នុងសហគមន៍ ខណៈដែលការចម្លងផ្តើមចេញពីពលករវិលត្រលប់ពីប្រទេសថៃ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅមានពលករខ្មែរវិលត្រលប់មកពីប្រទេសថៃជា បន្តបន្ទាប់ហើយអាជ្ញាធរខេត្ត បានដាក់ចេញវិធានការមួយចំនួន ដែលបានតម្រូវឱ្យពលករធ្វើតេស្តកូវីដ១៩ អវិជ្ជមានទាំងអស់ ធ្វើចត្តាឡីស័កតាមទីតាំងដែលអាជ្ញាធរកំណត់ឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឱ្យពួកគាត់វិលត្រលប់ទៅលំនៅដ្ឋានវិញ។
ឯកឧត្តមបន្តថា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះដែរ ក៏មានពលករមួយចំនួនទើបតែរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តលើកទី២ ឬទី៣ ដូច្នេះក្រុមការងារក៏ បានយកសំណាកបញ្ជូនទៅធ្វើតេស្ត CPR បន្ថែមទៀត ទើបដឹងច្បាស់ថា ពួកគាត់មានផ្ទុកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta ។ កត្តានេះហើយដែលបានធ្វើឱ្យមានការចម្លងបន្តដល់ពលករផ្សេងទៀត ដែលស្នាក់នៅក្នុងមណ្ឌលរួមគ្នានេះ ជាពិសេសគឺចម្លងមកដល់ក្រុមគ្រូពេទ្យជួរមុខតែម្តង ដែលធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩ ប្រភេទDelta កើនឡើងដល់ ៩៧នាក់។
សំឡេង៖ «សូមជំរាបដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានជ្រាបថា ចំពោះប្រភេទជំងឺដែលតាបំប្លែងថ្មីដែលកើតនៅក្នុងខេត្តឧត្តរមានជ័យនេះ ដែលគិតត្រឹមម៉ោងនេះស្ថានភាពនៃការឆ្លងរាលដាល បានវិវត្តន៍ដល់ចំណុចគួរឱ្យព្រួយបារម្ភខ្ពស់ ដែលបាននិងកំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ ខណៈដែលទិន្នន័យ គឺមានចំនួន ៩៧នាក់ ហើយក្នុងនោះបានជាសះស្បើយ ១៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨២នាក់ ដែលភាគច្រើនវាយប្រហារលើបុគ្គលិកសុខាភិបាលជួរមុខរបស់យើង ជាកងទ័ពអាវស ដែលកំពុងតែប្រឡូកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ត្រូវបន្តអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុត ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ និងការកាត់ផ្តាច់ការចម្លងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៤ករណី ខណៈដែលអ្នកឆ្លងកើនឡើងដល់ ៥,២៩៦ ករណី និងជាសះស្បើយចំនួន ២៣០ នាក់បន្ថែមទៀត ៕


ប្រភព៖ ក្រសួងព័ត៌មាន