ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ត្រីជនជាតិខ្មែរឡាវនៅខេត្តស្ទឹងត្រែង ជាអ្នកទី៨លាន ដែលបានចាក់វ៉ាក់សាក់ Johnson & Johnson

    BY Khmernote Media August 11, 2021
    ស្ត្រីជនជាតិខ្មែរឡាវនៅខេត្តស្ទឹងត្រែង ជាអ្នកទី៨លាន ដែលបានចាក់វ៉ាក់សាក់ Johnson & Johnson

    រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះប្អូនស្រីឈ្មោះ ថឹង ថា អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានចាក់វ៉ាក់សាំង Johnson & Johnson លេខរៀងទី៨លាន។

    នៅលើផេកផ្លូវការ យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា នៅថ្ងៃ១០ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ បាន ៨ លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាននិងកំពុងចាក់ ព្រមទាំងបងប្អូនដែលបាន និងកំពុងចាក់ដូសទី៣។ សម្ដេចតេជោ បន្តថា ៖ «ដំណើរឆ្ពោះទៅរក១០លាននាក់ នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់ ៧ ទៅ ៨ខែ ប្រៀបជាមួយផែនការដើមរបស់យើង»។

    សម្ដេចតេជោ គូសបញ្ជាក់ថា ៖ « ខ្ញុំសូមអបអរសាទរចំពោះ ជ័យលាភីទី៨លាន ដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀល ព្រមទាំងសម្ភារផ្សេងៗ ទៀតទៅប្រគល់ជូនដោយផ្ទាល់»។

    សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយខិតខំការពារខ្លួនតាមរយៈវិធានការ “៣ការពារ និង៣កុំ”៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: