ក្រសួងសុខាភិបាលឱ្យឱសថស្ថានទាំងអស់ ត្រូវលក់ឧបករណ៍តេស្ដរហ័សទទួលស្គាល់ដោយក្រសួង ក្នុងតម្លៃសមស្រប
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទិញឧបករណ៍តេស្តរហ័ស ក្នុងការធ្វើតេស្តផ្ទាល់ខ្លួន រួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានប្រកាសឱ្យឱសថស្ថានទាំងអស់ ត្រូវលក់ឧបកណ៍តេស្តរហ័ស ដែលក្រសួងទទួលស្គាល់ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។

យោងតាមសារាចរណែនាំរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័ស ក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋ មានលទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។
សារាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យមន្ទីរពេទ្យឯកជន និងគ្លីនិកទាំងអស់ ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដោយក្រុមការងារ សិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ដថា មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្គរហ័សផ្តល់ជូនដោយក្រសួងសុខាភិបាល។ សមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឱ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្ដរហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមានភាពសម្បូរ និងបន្សាំទៅនឹង តម្លៃទីផ្សារ។ បន្ទាប់មកក្រសួងនឹងផ្ទេរការងារនេះ ឱ្យទៅអង្គភាពណាមួយទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឱ្យក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងតម្លៃសមស្រប៕

ប្រភព៖ ក្រសួងព័ត៌មាន