រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ចំនួន០៤ករណី
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា B.1.617-2 (Delta)ចំនួន៤ ករណីនៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានទទួល លទ្ធផលវិភាគ រកមេរោគបំប្លែងថ្មីដែលតា(Delta) ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយបានឃើញករណីវិជ្ជមានមេរោគបំប្លែងថ្មីប្រភេទនេះ នៅក្នុង មណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន៤នាក់។ បច្ចុប្បន្នអ្នកជំងឺទាំង៤នាក់ ត្រូវបានក្រុមគ្រូពេទ្យដាក់ ព្យាបាលដាច់ដោយឡែកនៅមណ្ឌលព្យាបាលពន្លឺថ្មី។
សេចក្តីជូនដំណឹងដដែលបន្តថា ក្រុមការងារជំនាញថ្នាក់ខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីធ្វើសំណាកវត្ថុវិភាគទៅវិទ្យាស្ថាន ប៉ាស្ទ័រវិភាគរកប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មី តាមបច្ចេកទេសសុខាភិបាលបន្តទៀត។ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមក្រើនរំលឹក និងសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ សូមបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និងកែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្ការគ្រប់គ្រង និងកាត់ខ្សែចម្លងនៃមេរោគកូវីដ-១៩ ជាពិសេសពពួកប្រភេទមេរោគបំប្លែងថ្មីប្រភេទដែលតា(Delta) ដែលកំពុងឆ្លងរាលដាល ក្នុងព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលខេត្តកំពង់ស្ពឺសង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋទាំងអស់នឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ«៣កុំ និង ៣ការពារ» ព្រមទាំងវិធានការអនាម័យនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស់ និង រក្សាគម្លាតសង្គម រួមជាមួយវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលកំពុងមានជាធរមាន និងសូមកុំចេញក្រៅ ឬ កាត់បន្ថយការធ្វើដំណើរចេញពីកន្លែងមួយទៅកន្លែងមួយ ក្នុងករណីមិនមានកិច្ចការចាំបាច់៕

ប្រភព៖ ក្រសួងព័ត៌មាន