គុជនាគភ្លើង ភាពយន្តភាគថៃថ្មី ទម្លាយអាថ៌កំបាំងក្រុមអ្នកលេងជំនួញសង្គមងងឹតប៉ះ ប៉ូលីសសម្ងាត់ដៃឆៅ មាននៅភីអិនអិន
គុជនាគភ្លើង ខ្សែភាពយន្តភាគថៃដ៏ថ្មីសន្លាងមួយទៀត ហើយក៏កំពុងតែត្រៀមខ្លួនផ្សាយជាផ្លូវការនៅលើស្ថានីយទូរទស្សន៍ភីអិនអិន នាសប្តាហ៍នេះ ដែលនឹងធ្វើឲ្យទស្សនិកជនងាកមកផ្លាស់ប្តូរអារម្មណ៍ទទួលយកនូវការទស្សនាសាច់រឿងថៃក្នុងបរិបថជាប្រពៃណីចិនវិញម្តង។

គុជនាគភ្លើង គឺសាច់រឿងដែលផ្តើមចេញពីត្រកូលអភិជនដែលមានមុខជំនួញក្នុងសង្គមងងឹតដ៏ធំមួយ ហើយពោរពេញដោយឥទ្ធពិលខ្លាំងនៅក្នុងស្រុក។ អ្នកណាៗ ក៏មិនងាយនឹងអាចកម្ចាត់កូននាគមួួយក្បាលនេះចេញបានដែរ ។ នោះគឺ បុរសសង្ហា ចិត្តធ្ងន់ រ៉េ ដែលត្រូវជាកូនប្រុសចិញ្ចឹមរបស់បុរសអភិជន អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ ដែលប្រកបរបរជំនួញជួញដូរគ្រឿនញៀន។ ឪពុករបស់នាង ស្រលាញ់នាង និងដាក់លក្ខខណ្ឌឲ្យរ៉េត្រូវតែប្តូរជីវិតការពារកូនស្រីរបស់គាត់ គ្រប់ពេល ពីពួកជនអន្ធពាល។ រ៉េ និងលីនជូ បានស្រឡាញ់គ្នាលើសពីបងប្អូន ដែលពួកគេបានមានចិត្តឲ្យគ្នាទៅវិញទៅមក ប៉ុន្តែឪពុករបស់រ៉េ ចង់បានត្រឹមតែឲ្យរ៉េជួយមើលថែកូនស្រីខ្លួនក្នុងឋានៈជាបងប្រុសតែប៉ុណ្ណោះ។ មួយរយៈក្រោយមក ការរកសុីគ្រឿងញៀនរបស់អាឡាន ក៏មានដៃគូប្រកួតប្រជែង ដែលនេះតម្រូវឲ្យរ៉េចេញមុខដោះស្រាយបញ្ហាទាំងអស់នោះ។ ថាយ ដែលជាប៉ូលីសសម្ងាត់ទទួលបន្ទុកខាងកម្ចាត់ជំនួញគ្រឿងញៀន បានបន្លំខ្លួនចូលធ្វើជាបក្សពួករបស់រ៉េ ហើយពេលនោះ និស្ស័យស្នេហ៍របស់គេក៏មានចំពោះលីនជូ ដែលត្រូវជាបងប្អូនរបស់រ៉េតែម្តង។ ថាយ រ៉េ និងលីនជូ ក្លាយជាស្នេហាត្រីកោណ ដែលបានបង្កជម្លោះជាច្រើនរឿង រហូតដល់មានការបាញ់ប្រហារគ្នាទៅវិញទៅមក។ រឿងនេះដែរ ក៏មានតួអង្គធំៗ ដែលសម្តែងដោយ
Wawwa Nichari Chokprajakchat សម្តែងជាតួអង្គ លីនជូ
Puen Khanin Chobpradit សម្តែងជាតួអង្គ រ៉េ
Apo Nattawin Wattanagitiphat សម្តែងជាតួអង្គ ថាយ និងមានតារាសម្តែងល្បីៗជាច្រើននាក់ទៀត។ សូមរង់ចាំទស្សនាសាច់រឿងថ្មីនេះ នៅក្នុងរឿង គុជនាគភ្លើង ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕







សូមទស្សនាវីដេអូខាងក្រោម៖
