ប្រទេសវៀតណាមរកឃើញករណីជំងឺ កូវីដ-១៩ ថ្មីចំនួន ៩,៦៥៣ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតទី២ ដែលខ្លួនធ្លាប់បានកត់ត្រា
- BY
- autoadmin
- August 13, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩,៦៥៣ ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី ២ របស់ប្រទេសនេះ ខណៈករណីដែលខ្ពស់បំផុតដែលប្រទេសវៀតណាមធ្លាប់បានកត់ត្រាគឺមានចំនួន ៩,៦៨៤ ករណី ដែលត្រូវបានកត់ត្រានៅថ្ងៃទី០៨ ខែសីហា កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះដែរ មានតំបន់ចំនួន ៥ មានករណីឆ្លងច្រើនបំផុត ដោយទីក្រុងហូជីមិញ មាន ៣,៨៤១ ករណី, ខេត្ត Binh Duong មាន ៣,០២៨ ករណី, ខេត្ត Dong Nai មានករណីចំនួន ១,០៧១, ខេត្ត Long An មានចំនួន ៣៥៤ ករណី និង Tien Giang មានចំនួន ២១២ ករណី។

ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់ពីការស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៣២៦ នាក់ ដែលត្រូវបានកត់ត្រាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសមានដល់ ៤,៨១៣ នាក់ ហើយក្នុងនោះមាន ៣៥ នាក់ បានស្លាប់នៅក្នុងរលកឆ្លងមុនៗ។ ទន្ទឹមនឹងនេះដែរ អ្នកជំងឺ COVID-19 ចំនួន ៣,៩៩១ នាក់ ក៏ត្រូវបានប្រកាសថាបានជាសះស្បើយ នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបមានដល់ ៨៩,១៤៥ នាក់។ គួរឱ្យដឹងដែរថា ចាប់តាំងពីរលកទី០៤ បានផ្ទុះឡើងនៅថ្ងៃទី២៧ ខែមេសា ប្រទេសវៀតណាមបានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ២៤២,៥៥២ ករណី ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៦២ ទូទាំងប្រទេស៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






