ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តបន្ទាយមានជ័យ បិទផ្សារសិរីសោភ័ណ ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាង២០នាក់

    BY Khmernote Media August 15, 2021
    អាជ្ញាធរខេត្តបន្ទាយមានជ័យ បិទផ្សារសិរីសោភ័ណ ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាង២០នាក់

    អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពី ក្រុមគ្រូពេទ្យយកសំណាកតាមរយៈតេស្តរហ័ស (Rapid Test) លើអាជីវករចំនួន៦០០នាក់ ដោយបានរកឃើញអាជីវករចំនួន២៤នាក់ ក្នុងនោះមានកូនក្មេងចំនួន២នាក់វិជ្ជមានជំងឺកូវីដ១៩នោះ។

    អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានឱ្យដឹង ថា នៅថ្ងៃទី១៤ខែសីហានេះអាជ្ញាធរសមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករលក់ដូរក្នុងផ្សារសិរីសោភ័ណ ជាង៦០០នាក់ យកទៅធ្វើតេស្តរហ័ស ដោយបានរកឃើញអាជីវករកើតជំងឺកូវីដ១៩មានចំនួន២៤នាក់។ហើយក្រុមគ្រូពេទ្យក៏បាន បញ្ជូនអ្នកវិជ្ជមានទាំងនោះទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ ។

    ឯកឧត្តមបានបន្តថា អ្នកមានវិជ្ជមានជំងឺកូវីដ១៩រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារសិរីសោភ័ណជារៀងរាល់ថ្ងៃដូច្នេះដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ១៩កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គម រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះអាសន្ន នៅការលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារសិរីសោភ័ណ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ។

    អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ គឺតម្រូវឱ្យអាជីវករ និងអ្នកទិញទាំងអស់ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល «៣កុំ និង៣ការពារ» និងផ្សារដែលមានលក្ខណៈស្តង់ដារសុវត្ថិភាព។ ជាគោលការណ៍ផ្សារសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យតម្រូវឱ្យគ្រប់ផ្សារត្រូវតែមានច្រកចូលនិងចេញធំទូលាយមានម៉ាស៊ីនស្កេន,ម៉ាស៊ីនវាស់កម្ដៅបាញ់អាល់កុលមុននឹងចូលផ្សាររកទិញគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់ផ្សេងៗ។

    គណៈកម្មការគ្រប់គ្រងផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញត្រូវតែពាក់ម៉ាសឱ្យបានត្រឹមត្រូវលើកលែងតែពេលពិសាអាហារ។ បើសង្ស័យមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ៕ ដោយ ៖ ឈុន សារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: