ស្ត្រីម្នាក់មានវិបត្តិគ្រួសារ កូនមិនស្តាប់ការទូន្មាន ហើយមានរឿងរកាំរកូសជាមួយប្តីទៀត ដាច់ចិត្តគិតខ្លី សំណាងល្អត្រូវប្រជាពលរដ្ឋជួយទាន់ មួយសន្ទុះក្រោយមកកូនៗ៣នាក់ លុតជង្គង់សំពះសុំទោសម្ដាយអោយឈប់ធ្វើបែបនេះ
រាជធានីភ្នំពេញ៖ មានករណីស្រ្តីម្នាក់មានវិបត្តិក្នុងគ្រួសារដើរបណ្តើរយំបណ្តើរ ឡើងលើស្ពានប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ស្ថិតត្រង់ចំណុចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៩៖៤១នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។

ស្រ្តីរងគ្រោះមានឈ្មោះ វ័ន សន អាយុ ៤២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ១០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរថ្មើរជើង ដើរបណ្តើរយំបណ្ដើរ ឡើងលើស្ពានជ្រោយចង្វារ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានលើកជើងម្ខាងដាក់លើបង្កាន់ដៃស្ពានតោងឡើង បំណងលោតចូលក្នុងទឹកទន្លេ ត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញ ស្ទុះទៅចាប់ទាញឲ្យចុះមកវិញ បង្កឲ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលប្រចាំការ នៅទីនោះជួយអន្តរាគមន៍។
ស្រ្តីរងគ្រោះខាងលើ សព្វថ្ងៃនាងមានប្តីនិងមានកូនប្រុសស្រីចំនួន០៣នាក់ នាងប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួននេះ គឺដោយសារមានវិបត្តិផ្លូវចិត្ត កូនមិនស្តាប់ការទូន្មានរបស់ម្តាយ ថែមទាំងលែងខ្វាយខ្វល់ និងមានរឿងរកាំរកូសជាមួយ នឹងប្តីថែមទៀត។
បន្ទាប់មកក៏ស្រាប់តែលេចមុខកូនប្រុសស្រីទាំង៣នាក់ បានមកដល់ចំណុចកើតហេតុ បាននាំគ្នាលុតជង្គង់សំពះសុំទោសស្ត្រីជាម្តាយ និងអង្វរករម្តាយអស់រយៈពេលកន្លះម៉ោងឲ្យត្រឡប់ទៅផ្ទះវិញ ៕






ដោយ៖ បងម៉េង ខ្មែរណូត