ឆ្លងចរន្តអគ្គិសនី ឆាបឆេះបន្ទប់ការិយាល័យក្រុមហ៊ុនសំណង់ចិនមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ភ្លាមៗ
រាជធានីភ្នំពេញ៖ ករណីអគ្គិភ័យឆេះបន្ទប់ ការិយាល័យ ក្រុមហ៊ុនសំណង់ចិន “MCC” បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ពន្លត់ តែមិនរលត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍ បាញ់ពន្លត់ ស្ថិតនៅដីឡូត៍គ្មានលេខ ក្នុងភូមិព្រែកតានូ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ ប៉ិន ស៊ិនណារុង ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកគ្រប់គ្រង។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឆ្លងចរន្តអគ្គិសនី។
អគ្គិភ័យនេះ បានបំផ្លាញការិយាល័យ ធ្វើពីទូកុងតឺន័រមួយ ដែលមានទំហំ៤ម៉ែត្រ x៤ម៉ែត្រ និងខូចខាតសម្ភារប្រើប្រាស់ក្នុងទូកុងទឺន័រអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងពុំមានមនុស្សស្លាប់ ឬក៏រងរបួសនោះទេ។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះគេឃើញកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលពន្លត់អគ្គិភ័យ ដោយប្រើរថយន្ដចេញអន្តរាគមន៍ចំនួន៥គ្រឿង មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤រថយន្ដ ស្មើនឹង ១៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ដ ស្មើនឹង ១២ម៉ែត្រគូប ទើបពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ៕














ដោយ៖ បងម៉េង ខ្មែរណូត