អស់ពីរងទុក្ខដោយសារគ្រោះរញ្ចួយដី ប្រទេសឥណ្ឌូនេស៊ីត្រូវមករងទុក្ខ ដោយសារជំងឺរាតត្បាតនេះវិញម្តង
ឥណ្ឌូនេស៊ី៖ ជំងឺគ្រុនចាញ់កំពុងតែរាតត្បាតខ្លាំងពេញកោះ Lombok ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកោះមួយនេះទទួលរងនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរជាច្រើនលើកកាលពីពេលកន្លងទៅនេះ។ គិតមកទល់នឹងពេលនេះមានអ្នកកើតជំងឺគ្រុនចាញ់ចំនួន ១៣៧ នាក់ហើយ ហើយជនរងគ្រោះទាំងនេះគឺជាទារក និងស្រ្តីមានផ្ទៃពោះ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចប្រកាសដាក់តំបន់ខាងលើនេះជាតំបន់ត្រូវប្រកាសអាសន្នផ្នែកសុខភាព និងកំពុងយកសម្ភារជំនួយជាច្រើនទៅកាន់ទីនោះ។
សម្ភារជំនួយមានដូចជា មុងជ្រលក់ថ្នាំ ផ្សែងសម្រាប់ដេញមូល និងថ្នាំជាច្រើនសម្រាប់ការពារកុំឲ្យជំងឺនេះរាតត្បាតថែមទៀត។ យ៉ាងណាក្តី មុងជ្រលក់ថ្នាំមានចំនួនមិនគ្រប់នោះ ពោលគឺមានត្រឹមចំនួន ៣,០០០ ខណៈតម្រូវការត្រូវមានដល់ ១០,០០០ មុង។ ទីភ្នាក់ងារសុខភាពប្រចាំតំបន់ខាងលើ ក៏បានប្រកាសដែរថា ត្រូវការប្រាក់ជំនួយបន្ថែមទៀតចំនួន ២៣០,០០០ ដុល្លារ ក្នុងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនចាញ់នេះ។
គួរម្លឹកជូនថា កោះ Lombok របស់ឥណ្ឌូនេស៊ីមួយនេះ ទើបតែទទួលរងនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលបានសម្លាប់មនុស្សជាច្រើនរយនាក់ និងជាច្រើនពាន់នាក់ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ហើយពេលនេះកោះមួយនេះស្រាប់តែមានបញ្ហាសុខភាពមួយកំពុងរាតត្បាតបន្ថែមទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts