ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។

ឯកឧត្តម បានបញ្ជាក់ថា ចិនតែងតែចាត់ទុកការលំបាករបស់ប្រជាជនកម្ពុជា ជាការលំបាករបស់ប្រជាជនចិន ក្នុងនាមជាមិត្តដែកថែប ចិននៅតែជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាជាបន្តបន្ទាប់ មានជាជំនួយឥតសំណង និងការបញ្ជាទិញរបស់ភាគីកម្ពុជា។
ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។





ប្រភព៖ ទទក