កម្ពុជាចាត់វិធានការលើក្រុមហ៊ុនមួយ ដែលលក់គុយទាវកញ្ចប់បន្លំស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គវត្ត” នៅអាមេរិក
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងថា ថ្មីៗនេះស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិលផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គវត្ត” កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ីក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក។

ការប្រើប្រាស់ពាក្យ និងម៉ាក “ផលិតផលគុយទាវភ្នំពេញ” និង “រូបសញ្ញាប្រាសាទអង្គវត្ត” ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាកគុយទាវភ្នំពេញ បានធ្វើឲ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។
ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះឲ្យបញ្ឈប់ធ្វើការនាំចូលឬដាក់លក់នូវផលិតផលបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្តក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង។
ទន្ទឹមនឹងនេះដែរ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក មេត្តាឈប់ជាវយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងមេត្តាជូនដំណឹងមកស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផលណាដែលមានប្រើប្រាស់រូបសញ្ញាដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានាក្នុងសហរដ្ឋអាមេរិកដើម្បីស្ថានទូតរៀបចំនីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ផលិតផលក្លែងបន្លំនេះបានទាន់ពេលវេលា៕
