ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថានអំពាវនាវ ខណៈសំណល់សំរាមនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កើនដល់១០០តោន ក្នុងមួយថ្ងៃ

    BY Khmernote Media August 30, 2021
    ក្រសួងបរិស្ថានអំពាវនាវ ខណៈសំណល់សំរាមនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កើនដល់១០០តោន ក្នុងមួយថ្ងៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោលផ្តេសផ្តាស ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាព។

    ការអំពាវនាវនេះ ធ្វើឡើងស្របពេលសំណល់រឹងសំរាម ដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ១០០ តោនក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម បានឱ្យដឹងបន្ថែមថា ក្រសួងបរិស្ថាន បានចូលរួមបំពាក់ឡដុតសំណល់រឹងសំរាម៥០ ទៅដល់ ២១រាជធានី-ខេត្ត ក្នុងស្រុកគោលដៅចំនួន៤៩ ដើម្បីធ្វើការដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក។

    ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបរិស្ថានបានចូលរួមជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម បន្តថា នៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាប មណ្ឌលគិរី បាត់ដំបង កែប ជាដើម បានប្រើប្រាស់ឡដុតសំណល់រឹងសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក ហើយក្រសួងបរិស្ថាននៅតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការងារគ្រប់គ្រងសំណល់រឹងសំរាមដែលចេញពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ។

    ឯកឧត្តម បានថ្លែងថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាម លក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

    យោងតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត៤ លានតោន ដែលក្នុងនោះសំណល់សរីរាង្គ ប្រមាណ៦៨ភាគរយ សំណល់ ប្លាស្ទិកប្រមាណជាង២០ភាគរយ និងសំណល់រឹងសំណល់គ្រោះថ្នាក់ប្រមាណជាង១០ភាគរយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: