អភិបាលរាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធរៀបចំសម្អាតអនាម័យ បរិស្ថាននៅតាមសាលា ដើម្បីត្រៀមបើកសាលារៀនឡើងវិញ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សម្អាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខានមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនឱ្យដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្តពីជំងឺកូវីដ-១៩ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះស្ថានភាពជំងឺកូវីដ១៩ បានថមថយហើយ យើងអាចបើកសាលារៀនឱ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសម្អាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឱ្យបានស្អាត។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំអន្តរាគមន៍ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលយើងធ្វើពិធីបើកសាលាឱ្យចូលរៀនឡើងវិញ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩ ខណៈចាប់ពីពេលនេះតទៅ អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ព្រីមៀរ សែន សុខជាដើម ។
គួរបញ្ជាក់ថា មកដល់ ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលប្រមាណជាង១០ នាក់និងនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះឱ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោហ៊ុន សែនបានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឱ្យ ក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕




ប្រភព៖ ក្រសួងព័ត៌មាន