ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែងរកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មី Delta មានចំនួន ៨នាក់បន្ថែមទៀតនៅថ្ងៃទី០២ ខែកញ្ញានេះ

    BY Khmernote Media September 3, 2021
    ខេត្តស្ទឹងត្រែងរកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មី Delta មានចំនួន ៨នាក់បន្ថែមទៀតនៅថ្ងៃទី០២ ខែកញ្ញានេះ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះលោកវេជ្ជបណ្ឌិត អ៊ុង សូវៀតប្រធានមន្ទីរសុខាភិបាលខេត្ត ស្ទឹងត្រែង មានប្រសាសន៍ថា ថ្ងៃនេះក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហ័សទៅលើបុរសម្នាក់ឈ្មោះ លឹម សំនឿន ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចល័តត្រពាំងគ្រៀល មានផ្ទុករោគកូវីដ១៩ ។

    លោកវេជ្ជបណ្ឌិតបានបន្តថា បុរសរូបនេះគាត់ជាពលករមកពីប្រទេសថៃ កាលពីសប្តាហ៍ទី៤ ខែសីហា ហើយអាជ្ញាធរដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្តទើបរកឃើញរោគសញ្ញាពេលធ្វើតេស្តចុងក្រោយនេះ។ លោកវេជ្ជបណ្ឌិតបន្តថា ជាមួយគ្នានេះ គ្រូពេទ្យបានផ្ញើសំណាកអ្នកជំងឺទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របានរកឃើញរោគសញ្ញាDelta ចំនួន០៨ នាក់បន្ថែមទៀត ដែលធ្វើឱ្យខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta ឡើងដល់១១២នាក់ គិតត្រឹមថ្ងៃទី០២ ខែកញ្ញានេះ។

    ដូចគ្នានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធឬប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ សូមធ្វើការទាក់ទងបន្ទាន់មកក្រុមការងារគ្រូពេទ្យ ជំនាញតាមរយៈលេខទូរសព្ទ (088 6363 689) ដើម្បីយកសំណាកធ្វើវិភាគរហ័ស។

    សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងក្នុងព្រឹត្តិការណ៍២០ កុម្ភៈ មន្ត្រីជំនាញសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន ១០២៨នាក់ហើយ ក្នុងនោះមានប្រភេទរោគសញ្ញា Delta ចំនួន ១១២នាក់ មានអ្នកជាសះស្បើយ ៦៥៥នាក់ អ្នកកំពុងសំរាកព្យាបាល ៣៦១នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: