មហាសំណាង! យុវជនឥណ្ឌូនេស៊ីម្នាក់រសាត់អណ្តែតនៅលើមហាសមុទ្រប៉ាស៊ីភិចតែម្នាក់ឯងជិត៥០ថ្ងៃ ចុងក្រោយត្រូវគេប្រទះឃើញ
យុវជនឥណ្ឌូនេស៊ីម្នាក់អាចមានសំណាងនៅរស់មានជីវិត បន្ទាប់ពីរូបគេត្រូវអណ្តែតនៅលើមហាសមុទ្រប៉ាស៊ីភិចអស់រយៈពេល ៤៩ ថ្ងៃ។ យុវជនវ័យ ១៩ ឆ្នាំរូបនេះ មានការងារជាអ្នកមើលថែកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង ដែលធម្មតារូបគេតែងតែជិះខ្ទមតូចមួយ ដើម្បីទៅបិទ និងបើកអំពូលភ្លើងក្នុងបរិវេណនៃកន្លែងចិញ្ចឹម និងថែរក្សាត្រីនោះ។ ក្នុងថ្ងៃកើតហេតុ ស្រាប់តែមានខ្យល់ព្យុះមួយបោកបក់យ៉ាងខ្លាំង និងបានបក់ខ្ទមតូចរបស់គាត់ឲ្យទៅឆ្ងាយពីឆ្នេរ ហើយខ្ទមនោះក៏បានអណ្តែតចេញពីឆ្នេរក្នុងចម្ងាយប្រមាណជា ២,៦៩៨ គីឡូម៉ែត្រ។

ក្នុងរយៈពេលនោះគាត់ព្យាយាមញ៉ាំអាហារខ្លះ ដែលមាននៅលើតិចតួច រកអាហារញ៉ាំបន្ថែមខ្លះ ពេលខ្លះក៏អត់មានអីញ៉ាំ ហើយចំណែកទឹកវិញពេលខ្លះគាត់ត្រូវបង្ខំចិត្តផឹកញើសដែលមាននៅលើស្បែក ឬជាប់នៅលើអាវទៀងផងក៏មានដែរ។ យ៉ាងណាក្តី ៤៩ថ្ងៃក្រោយមក ខ្ទមរបស់គាត់ក៏បានអណ្តែតទៅក្បែរនាវាដឹកទំនិញមួយហើយគេក៏បានជួយសង្គ្រោះគាត់។ ក្រោយពេលត្រូវបានជួយសង្គ្រោះយុវជនរូបនេះបានឲ្យដឹងថា វាជាភ័ព្វសំណាងមួយ ដែលរូបគេត្រូវបានជួយសង្គ្រោះដូចនេះ ហើយការជួយសង្គ្រោះនេះវាហាក់ដូចជាការបានកើតម្តងទៀតអីចឹង៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail



