ប៉ូលិសអង់គ្លេសជិះរថយន្តក្រុង ដើរប្រមាញ់អ្នកប្រើទូរស័ព្ទពេលបើកបរតាមដងផ្លូវ (មានវីដេអូ)
អង់គ្លេស៖ ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបររថយន្ត គឺជាបទល្មើសចរាចរណ៍កម្រិតធ្ងន់មួយនៅក្នុងចក្រភពអង់គ្លេស។ ដើម្បីបង្រ្កាបករណីនេះ កន្លងមកប៉ូលិសអង់គ្លេសបានប្រើប្រាស់វិធីជាច្រើនដូចជា ឆែកមើលកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងពេលខ្លះជិះរថយន្ត ឬម៉ូតូធម្មតា ដើម្បីត្រួតពិនិត្យតាមដងផ្លូវតែម្តង។ យ៉ាងណាក្តី ការអនុវត្តវិធីខាងលើនេះនៅតែមានចន្លោះប្រហោង ដោយមានអ្នកបើករថយន្តខ្លះនៅតែឆ្លៀតប្រើប្រាស់ទូរស័ព្ទបាន ជាពិសេសគឺ នៅពេលដែលពួកគេនៅឆ្ងាយពីតំបន់ ដែលមានកាមេរ៉ាសុវត្ថិភាព ឬពេលពួកគេនៅឆ្ងាយពីការឃ្លាំមើលរបស់ប៉ូលិស។
ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ខាងលើនេះ ពេលនេះប៉ូលិសអង់គ្លេសបានសម្រេចប្រើប្រាស់វិធីមួយទៀត គឺប៉ូលិសជំនាញបានឡើងទៅជិះរថយន្តក្រុងនៅជាន់លើ និងប្រើប្រាស់កាមេរ៉ាថតសកម្មភាពអ្នកបើករថយន្តណា ដែលលួចប្រើទូរស័ព្ទក្នុងពេលបើកបរទុកជាភស្តុតាំងតែម្តង។ សូមបញ្ជាក់ថា នៅពេលប៉ូលិសជិះនៅលើរថយន្តក្រុងជាន់លើដូចនេះ គាត់អាចមើលឃើញយ៉ាងច្បាស់ពីសកម្មភាពដែលបើកបរក្នុងរថយន្តតូចៗ និងស្រួលធ្វើផាកពិន័យយ៉ាងខ្លាំង។ លោកអ្នកអាចទស្សនាសកម្មភាពនេះតាមរយៈវីដេអូដូចខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail




