រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសលើកទី២ សម្រាប់កុមារអាយុ១២ឆ្នាំទៅក្រោម១៨ឆ្នាំ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី១២ ឆ្នាំទៅក្រោម១៨ឆ្នាំ បានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១(ស៊ីណូវ៉ាក់) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនៅខេត្តសៀមរាប មេត្តាជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨៖០០នាទីព្រឹកដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងម៉ោង១៤៖០០នាទីរសៀល ដល់ម៉ោង១៦៖៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)។
ជាមួយគ្នានោះ មាតាបីតា ឬអាណាព្យាបាល ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន។ ដោយឡែកក្នុងករណីមកយឺតលើសពី ២៨ថ្ងៃបន្ទាប់ពីចាក់លើកទី១ នឹងមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ បានទេ។ ប្រសិនបើមិនបានចាក់ដូសទី២ទេ នោះនឹងមិនមានអង្គបដិបក្ខប្រាណ(Antibxxy) ដើម្បីទប់ទល់ជាមួយវីរុសកូវីដ-១៩ ទេ។
ឆ្លៀតពេលនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានគួរបញ្ជាក់ថា ទោះបីចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ។
សូមបញ្ជាក់ផងដែរថា រយៈពេលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ ត្រូវមានរយៈពេលចន្លោះពី១៥ថ្ងៃ ទៅ២៨ថ្ងៃ (មិនអោយ ហួស២៨ថ្ងៃក្រោយចាក់ដូសទី១) នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែល ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នក ឧកញ៉ា លោក-លោកស្រី និងបងប្អូនទាំងអស់បាននាំកូនទៅចាក់កាលពីដូសទី១ កន្លងមក ៕

ប្រភព៖ ក្រសួងព័ត៌មាន