កូវីដ-១៩

ប្រទេសវៀតណាមកត់ត្រាការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១២,៤៧៧ ករណី និងការបាត់បង់ចំនួន ៣៣១ ករណីបន្ថែមទៀត ចូលទៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន

BY
autoadmin
September 7, 2021

អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១២,៤៧៧ ករណី នៅក្នុងតំបន់ចំនួន ៣៩ កាលពីយប់ថ្ងៃច័ន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការធ្លាក់ចុះ ៦២៤ ករណី ធៀបនឹងថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ ទីក្រុងហូជីមិញបាននាំមុខគេនៅក្នុងការឆ្លងថ្មីៗនេះ ដោយមានករណីថ្មីចំនួន ៧,១២២ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ២,១៩៤ ករណី និងខេត្តដុងណៃ ៨៧១ ករណី ។ តួលេខទាំងនេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរលកទី០៤ របស់ប្រទេសវៀតណាម ដែលចាប់ផ្តើមនៅចុងខែមេសាឆ្នាំនេះ កើនឡើងដល់ ៥៣២,៤៩១ ករណី។

សរុបលទ្ធផលឆ្លងប្រចាំថ្ងៃសម្រាប់ច័ន្ទ មានករណីចំនួន ៨,០៩៩ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍គ្មានប្រភពចម្លងច្បាស់លាស់ ខណៈអ្នកដែលនៅសល់គឺមកពីតំបន់ដាច់ដោយឡែក និងតំបន់បិទខ្ទប់។ ការជាសះស្បើយថ្មីចំនួន ៩,៧៣០ ករណី ក៏ត្រូវបានគេបញ្ជាល់ផងដែរ ដែលនាំឱ្យចំនួននៃការជាសះស្បើយសរុបមានដល់ ៣០១,៤៥៧ ករណី។ ការស្លាប់ថ្មីចំនួន ៣៣១នាក់ ក៏ត្រូវបានបញ្ជាក់កាលពីថ្ងៃច័ន្ទដដែល ហើយភាគច្រើនគឺនៅទីក្រុងហូជីមិញ ដែលធ្វើឱ្យការស្លាប់សរុបមាន ១៣,៣៨៥ នាក់ឬ ២.៥% នៃការឆ្លងសរុប។ គិតមកទល់នឹងពេលនេះ មានពលរដ្ឋវៀតណាមចំនួន ២២.០១ លាននាក់ ទទួលបានវ៉ាក់សាំងបង្ការយ៉ាងហោចណាស់ ១ដូស ហើយក្នុងចំនោមពួកគេ មានពលរដ្ឋចំនួន ៣.៣៣ លាននាក់ បានទទួលថ្នាំគ្រប់ចំនួនដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: