អង្គការ WHO បង្ហាញការគាំទ្រ៣ចំណុច ចំពោះការត្រៀមបើកដំណើរការសាលារៀនឡើងវិញនៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា តំណាងអង្គការសុខភាពពភិពលោក WHO ប្រចាំកម្ពុជាបានបង្ហាញការគាំទ្រ ៣ចំណុច ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លងនិងមានការឆ្លងតិចតួចនៃជំងឺកូវីដ១៩។

ក្នុងឱកាសអមដំណើរជាមួយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នាំយករង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនលោកតា លោកយាយ ដែលមានអាយុលើសពី១០០ឆ្នាំ ចំនួន៥នាក់ រស់នៅទីតាំង ផ្សេងគ្នាក្នុងខេត្តកំពង់ធំ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពភិពលោកប្រចាំកម្ពុជា បានបង្ហាញការគាំទ្ រ៣ចំណុច ចំពោះការត្រៀមបើកដំណើរសាលារៀនឡើងវិញ ដោយហេតុផល៖
-ទី១.បានបញ្ជាក់តាមរយៈភស្តុតាងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ គឺសិស្សានុសិស្ស មិនមែនជាចលករសំខាន់នៃការនាំឱ្យមានការផ្ទុះរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍នោះទេ ព្រោះការផ្ទុះ រាតត្បាតនៅក្នុងសហគមន៍គឺបណ្ដាលមកពីទីតាំងទាំងឡាយដែលមានហានិភ័យខ្ពស់ ដូចជា នៅតាមកាស៊ីណូ រោងចក្រ ពន្ធនាគារ តាមផ្សារ និងការជួបជុំផឹកស៊ីជាដើម។
-ទី២.ការបិទសាលារៀនក្នុងរយៈពេលយូរ នឹងធ្វើឱ្យមានការប៉ះពាល់ ធ្ងន់ធ្ងរដល់ការ វិវឌ្ឍន៍រាងកាយរបស់សិស្សានុសិស្ស ទាំងផ្លូវចិត្ដនិងចំណេះដឹង។
-ទី៣.គឺគ្មានដំណើរការណាមួយ ពុំមានហានិភ័យនោះទេ ដូច្នេះហើយអ្វីៗសុទ្ធតែមានហានិភ័យ ប៉ុន្តែអ្វីដែលអាចធ្វើបានគឺកាត់បន្ថយការ គ្រប់គ្រងហានិភ័យនោះឱ្យនៅតិចបំផុតតាមដែលអាចធ្វើ ទៅបាន។
លោកស្រីបន្តថា ដូច្នេះការបើកសាលារៀនឡើងវិញនេះ គឺអាចឋិតនៅក្នុងការគ្រប់គ្រងបាន ដោយមានការដាក់បញ្ចូលនូវ វិធានការទាំងឡាយ ដើម្បីការពារ កាត់បន្ថយហានិភ័យឱ្យបានជាអតិបរមានៅពេល ដែលបើកដំណើរការសាលារៀនឡើងវិញ នៅពេលខាងមុខនេះ។ ក្នុងនោះ វិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលដាក់ជូនប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍ ដើម្បីការពារជំងឺកូវីដ១៩នេះ គឺនៅតែមានប្រសិទ្ធភាព ក្នុងការបើកដំណើរការសាលារៀនឡើងវិញផងដែរ។
« ដើម្បីឱ្យការបើកដំណើរការសាលាឡើងវិញ ទៅដោយរលូន គឺត្រូវតែធ្វើយ៉ាងម៉េចឱ្យប្រាកដថាវិធានការ ការពារ ទាំងនេះគឺត្រូវតែអនុវត្ត ជាពិសេស គឺមានផែនការដើម្បីអនុវត្តវិធានការទាំងនេះ ឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន និងត្រូវមានវិធានការបន្ថែមនៅក្នុងការឆ្លើយតប។ ជាការពិតណាស់ ការផ្ទុះរាតត្បាតគឺអាចកើតមានឡើង នៅពេលដំណើរការ សាលារៀនឡើងវិញ ប៉ុន្តែប្រសិនបើយើងមានផែនការសម្រាប់មានប្រព័ន្ធដើម្បីតាមដាន រុករកនិងគ្រប់គ្រងនៅក្នុងករណី សង្ស័យនៅក្នុងសាលារៀន ហើយយើងអាចធ្វើការអង្កេត ហើយយើងឆ្លើយតបបាន ទាន់ពេលវេលា ដូចតាមរយៈការដាក់វិធានការមុនពេល បើកសាលារៀននេះ គឺជាអ្វី ដែលយើងអាចកាត់បន្ថយហានិភ័យឱ្យនៅទាបបំផុតតាមដែលយើងអាចធ្វើទៅបាន ដូច្នេះការដាក់វិធានការ និងផែនការសម្រាប់ឆ្លើយតបមុនពេលបើកសាលារៀននេះគឺមានសារសំខាន់ណាស់»។
ក្នុងឱកាសនោះលោកស្រី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និង អបអរសាទរសម្រាប់កម្ពុជា ដែលស្ថានភាពកូវីដ១៩ នាពេលបច្ចុប្បន្ននេះ បានត្រឡប់មកភាពល្អប្រសើរឡើងវិញ។ តែទោះបីជាយ៉ាងក៏ដោយ ហានិភ័យនៃការផ្ទុះ រាតត្បាតនៃជំងឺ កូវីដ១៩ដែលបណ្ដាលមកពីមេរោគបំប្លែងថ្មីដែលតា និងមេរោគបំប្លែងថ្មីផ្សេងទៀតនេះ នៅតែបន្ដកើតមាននៅឡើយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះសូមប្រជាពលរដ្ឋទាំអស់បន្ដអនុវត្ដនូវវិធានការសុខាភិបាល ដែលមិនមែនឱសថ និងរួមជាមួយយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកស្រីសង្ឃឹមថា ការបើកដំណើរការសង្គមនិងស្ថាប័នផ្សេងៗ នឹងអាចដំណើរការបាននាពេលឆាប់ៗ ខាងមុខនេះ ប៉ុន្តែត្រូវតែចាប់ផ្ដើមគិតគូរ និងរៀបចំឱ្យរួចជាស្រេចមុននឹងអ្វីៗកើតឡើង មុនពេលបើកដំណើរឡើងវិញ៕


ប្រភព៖ ក្រសួងព័ត៌មាន