ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ចាប់យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿង ត្រូវបានផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ

    BY Khmernote Media September 7, 2021
    ក្រសួងសាធារណការ ចាប់យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿង ត្រូវបានផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ។

    បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

    គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។ ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

    ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងដោយគ្មានការលើកលែងឡើយ ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: