រដ្ឋបាលរាជធានីជំរុញឱ្យស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេ នៅភាគខាងជើងរាជធានីឱ្យបានឆាប់រហ័ស ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់ស្ថានីយបូមទឹកកប់ស្រូវបានលឿន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទៅ ០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ធ្វើសកម្មភាពកាយស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេ មួយកន្លែងប្រវែងជាង២ គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើងរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

លោកម៉ៅ ប៊ុនធឿន ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយម រាជធានីភ្នំពេញបាននិងកំពុងស្ដារប្រឡាយមេនៅអមផ្លូវ ៣០ម៉ែត្រ ដែលមានប្រវែង ២២៧៩ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរដល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។
លោកបានបន្តឱ្យដឹងទៀតថា មន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយអាជ្ញាធរខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវ ដើម្បីស្ដារប្រឡាយនេះ ឱ្យទឹកហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។ ការងារនេះបានអនុវត្ត តាំងពីចុងខែសីហា ឆ្នាំ២០២១ ដោយយើងស្ដារសំរាម មែកឈើ ភក់ចេញពីបាតប្រឡាយ។ លោកបានបញ្ជាក់ថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីខណ្ឌទួលគោក ខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវ។ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយម គឺត្រូវស្តារប្រឡាយមេមួយនេះជាប្រចាំ បើទោះបីមានការលំបាកមួយចំនួន ជុំវិញមែកឈើច្រើនយ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឱ្យបានលឿនទៅកាន់ស្ថានីយកប់ស្រូវ កាត់ បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីខាងលើនេះ៕




ប្រភព៖ ក្រសួងព័ត៌មាន