អត់លេងសើចទេ! អាមេរិកកំពុងបង្កើតច្បាប់ថ្មី ដោយ Drone ណាហោះរញ៉េរញ៉ៃអត់មានសុំច្បាប់ គឺបាញ់ទម្លាក់ចោលតែម្តង
ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិកកំពុងតែរៀបចំបង្កើតច្បាប់ថ្មី ដែលអនុញ្ញាតឲ្យអាជ្ញាធរអាចបាញ់ទម្លាក់យន្តហោះ Drone ណា ដែលហោះហើរដោយគ្មានការសុំអនុញ្ញាតពីអាជ្ញាធរអាមេរិក។ បើយោងតាមក្រុមព្រឹក្សាសន្តិសុខអាមេរិកបានបញ្ជាក់ប្រាប់ថា ច្បាប់ថ្មីដែលមានគោលបំណងរឹតបណ្តឹងលើការប្រើប្រាស់យន្តហោះ Drone ក្នុងទឹកដីអាមេរិកនេះ ត្រូវបានគេធ្វើឡើងក្នុងគោលបំណងទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ ដែលជនខិលខូចអាចធ្វើឡើងតាមរយៈការប្រើប្រាស់យន្តហោះ Drone នេះ។
គួររម្លឹកជូនថា កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ុអេឡាលោក Nicolas Maduro ធ្លាប់ត្រូវបានគេលួចធ្វើឃាតដោយប្រើយន្តហោះ Drone ភ្ជាប់ជាមួយនឹងគ្រាប់បែកមកបំផ្ទុះម្តងហើយតែមិនបានសម្រេច។ ក្រោយកើតមានព្រឹត្តិការណ៍នេះទើបអាមេរិកសម្រេចរឹតបណ្តឹងការប្រើប្រាស់យន្តហោះ Drone ដូចនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានយន្តហោះ Drone ជាង ១ លានគ្រឿងបានសូមសិទ្ធធ្វើការប្រើប្រាស់ពីអាជ្ញាធរអាមេរិកដោយត្រឹមត្រូវ ហើយចាប់ពីច្បាប់ខាងលើត្រូវបានគេបង្កើតរួចរាល់នោះ រាល់យន្តហោះ Drone ណាដែលហោះហើរលើទឹកដីអាមេរិកដោយគ្មានការអនុញ្ញាតនោះអាចប្រឈមនឹងការបាញ់ទម្លាក់ពីអាជ្ញាធរភ្លាមៗតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ nbcnews