លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា កម្ពុជាមិនទាន់មានវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទមូ (MU) នៅឡើយទេ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិ បាល បញ្ជាក់ថា វីរុសកូវីដ- ១៩បំប្លែងថ្មី ប្រភេទមូ (MU) នៅកម្ពុជាមិនទាន់មាននៅឡើយទេ ខណៈវីរុសបំប្លែងថ្មីប្រភេទមូនេះ បានកើតមាន ឡើងនៅតាមបណ្ដាប្រទេស ៣០ ទៅ៤០រួចហើយនៅលើសកលលោក ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពល រដ្ឋអាយុពី ១៨ឆ្នាំឡើង នៅខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិ ការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានឱ្យដឹងថា វីរុសបំប្លែងថ្មីប្រភេទមូនេះ មិនខុសពីអាល់ហ្វា និងដែលតាដែរ ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនបន្ដអនុវត្តនូវការ ការពារ ទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩ទេ នោះវីរុសនោះអាចឆ្លងចូលកម្ពុជាជាមិន ខាន ខណៈដោយសារតែកាលពីកន្លងទៅ វីរុសបំប្លែងថ្មី អាល់ហ្វានិងដែលតា ក៏មិនមាននៅកម្ពុជាដែរ ប៉ុន្តែដោយការធ្វេសប្រហែសទើបមានវត្តមានមេរោគនៅកម្ពុជា។
លោកជំទាវបន្ថែមថា ទោះ បីជាវិរុសបំប្លែងថ្មីប្រភេទមូ មិនទាន់មាននៅកម្ពុជានៅ ឡើយក៏ពិតមែន ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋទាំងអស់ មិនរួមគ្នា អនុវត្តវិធានការសុខាភិ បាលទេ នោះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទមូ (MU) នឹងអាចកើតមានឡើងនៅកម្ពុជា។ ហេតុដូចនេះ លោក ជំទាវបន្តអំពាវនាវនិងក្រើន រំលឹកដល់ប្រជាពលរដ្ឋទាំង អស់ ទោះបីជាបានទទួលការចាក់វ៉ាក់សាំងរួចហើយក្តី សូមបន្តអនុវត្តនូវវិធានការសុខាភិ បាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីវីរុសកូវីដ១៩ ពិសេសវីរុសប្រភេទបំប្លែងផ្សេងទៀត។
« ទោះបីជាបានចាក់វ៉ាក់សាំងកូវីដ១៩គ្រប់២ដូស ឬក៏ចាក់ដូសជំរុញរួចហើយក៏ដោយ ក៏ត្រូវតែបន្តនូវការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនជានិច្ច ជាពិសេសយើងកំពុងតែជំរុញធ្វើយ៉ាងណាឱ្យបុគ្គលមានការទទួលខុសត្រូវច្បាស់លាស់។ ហើយនឹងការចូលរួមរបស់សហគមន៍ ដើម្បីឱ្យសហគមន៍នីមួយៗ ចេះគ្រប់គ្រង ឱ្យគាត់ចេះដឹងថា តើសហគមន៍របស់ពួក គាត់មានបុគ្គលណាថ្មីចូលមក ហើយមិនបានអនុវត្តនូវវិធាន ការសុខាភិបាល។ ដូចនេះយើងត្រូវរួមគ្នាណែនាំ ឱ្យគាត់គោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយជាពិសេសត្រូវរួមគ្នាពិនិត្យមើលនូវការជួបជុំ ព្រោះនេះគឺសំខាន់ណាស់ ព្រោះពួកគាត់ដោយមិនបានអនុវត្តនូវវិធានការសុខាភិបាល អ៊ីចឹងការចម្លងវានឹងអាចកើតមានគ្រប់ពេលវេលា»។
លោកស្រីជំទាវបញ្ជាក់ទៀតថា វីរុសបំប្លែងថ្មីប្រភេទមូនេះ អង្គការសុខាភាពពិភពលោក (WHO) កំពុងធ្វើការតាមដានយ៉ាងដិតដល់បំផុត ហើយបច្នុប្បន្ននេះ គេមិនទាន់ដាក់វីរុសប្រភេទមូ ចូលទៅក្នុងប្រភេទវីរុសដែលខ្លាំងដូចអាល់ហ្វា និងដែលតានៅឡើយ។ ហើយវីរុសប្រភេទនេះ គឺកំពុងឋិតនៅក្នុងការ សិក្សាទៅលើការវិវឌ្ឍរបស់វាសិន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០០,១៣៣ នាក់ ក្នុងនោះ អ្នកជាសះ ស្បើយ ចំនួន ៩៤,៣២៦នាក់ និងអ្នកស្លាប់ ចំនួន២,០៤៩ នាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន