ព័ត៌មានជាតិ

ម៉ាស៊ីនផលិតអុកស៊ីហ្សែនខ្នាតធំ មកដល់ខេត្តកោះកុងហើយ

BY
Khmernote Media
September 15, 2021

កោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើម្បីបម្រើដល់ការងារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ ម៉ាស៊ីនផលិតអុកស៊ីហ្សែនខ្នាតធំមិនធ្លាប់មានបញ្ជាទិញពីប្រទេសចិន ដែលឧបត្ថម្ភដោយឯកឧត្តម ហ៊ុន ម៉ាណែត គឺបានដឹកមកដល់ខេត្តកោះកុងហើយ ។ ម៉ាស៊ីនបច្ចេកវិទ្យាទំនើប ហើយអនុភាពផលិតអុកស៊ីហ្សែនក្នុង១ថ្ងៃបានដល់ទៅ១០ធុងធំៗស្មើនឹង៤០លីត្រ ត្រូវបានក្រុមការងារបច្ចេកទេសកំពុងរៀបចំតម្លើងនៅក្នុងអគារមានសុវត្ថិភាពនៅក្បែរមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង គូសបញ្ជាក់លម្អិតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ថា ចាប់ពីពេលនេះតទៅ បញ្ហាខ្វះខាតអ៊ុកស៊ីហ្សែនជួយសង្រ្គោះអ្នកជំងឺកូវីដ១៩ ឬអ្នកជំងឺទូទៅផ្សេងៗលែងជួបបញ្ហាប្រឈមទៀត គ្រាដែលបច្ចុប្បន្នពេលអស់អុកស៊ីហ្សែនត្រូវដឹកជញ្ចូនទៅរាជធានីភ្នំពេញ ដើម្បីដោះដូរ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លើកឡើងទាំងក្តីរំភើបយ៉ាងថា ក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក ម៉ាស៊ីនទំនើបនេះដែរ អាចផលិតអ៊ុកស៊ីហ្សែនបានក្នុង១ថ្ងៃ១០ធុងធំៗ ស្មើនឹង៤០លីត្រ ប្រសិនបើ២៤ម៉ោងស្មើនឹង២៤០ធុង។

ទន្ទឹមនេះ ក្រុមការងារបច្ចេកទេសជំនាញ រៀបចំតម្លើងម៉ាស៊ីន អាជ្ញាធរ និងមន្រ្តីជំនាញ ក៏កំពុងរង់ចាំការតម្លើងត្រង់ស្វូភ្លើងអគ្គិសនីតចូលអគារសុវត្ថិភាពពីក្រុមហ៊ុន LYP Group រួចហើយនឹងដំណើរការឆាប់ៗនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ អញ្ជើញចុះត្រួតពិនិត្យទីតាំងអគារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ធ្ងរ ដោយឯកឧត្តមសម្រេចយកអគារអតីតសាលាខេត្តចាស់ដើម្បីកែលម្អត្រៀមដាក់អ្នកជំងឺ។

សម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ដែលមានអាការៈធ្ងន់ធ្ងរ។ យោងតាមការចាំបាច់ចំពោះមុខលើការងារប្រយុទ្ធនឹងជំងឺកូវីដ ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារជំនាញកែលម្អបន្ថែមលើស្ថានភាពអគារដែលមានស្រេច ដោយបន្ថែមគ្រែសំរាកចំនួន៤០គ្រែ ក្រុមគ្រូពេទ្យចំនួន៣៦នាក់ ម៉ាស៊ីនផលិតអុកស៊ីសែន និងបំពាក់គ្រឿងសម្ភារៈវេជ្ជសាស្រ្តទំនើបៗជាច្រើនទៀត៕ដោយ៖ មន្ទីរព័ត៌មានខេត្តកោះកុង សម្រួលផ្សាយដោយ៖ ធូ កុសល

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: