ព័ត៌មានជាតិ

សាលារៀននៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកជាង ៧ខែកន្លងមក ប៉ុន្ដែត្រូវប្រតិបត្ដិស្ដង់ដារ SOP

BY
srey nuch
September 15, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញចំនួន ៣សាលាជាបន្តបន្ទាប់គ្នាក្នុងពេលតែមួយ ដែលជានិមិត្តរូបបើកឱ្យដំណើរការសាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ គឺទី១-អញ្ជើញទៅវិទ្យាល័យស៊ីសុវត្ថិ, ទី២- វិទ្យាល័យចតុមុខ, និងទី៣-វិទ្យាល័យ ICS ក្នុងខណ្ឌដូនពេញ។

ក្នុងឱកាសចុះពិនិត្យ និងបើកឱ្យដំណើរការរៀនជានិមិត្ដរូបនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សិស្សានុសិស្ស បើអត់មានប័ណ្ណចាក់វ៉ាក់សាំងទេ មិនអនុញ្ញាតឱ្យចូលរៀនឡើយ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល និងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

ឯកឧត្តម បានបន្តថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញនៅថ្ងៃនេះ មានចំនួនសរុប ២២៧ទីតាំង (គ្រឹះស្ថានសាធារណៈ៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គ លិកអប់រំ បម្រើការងារចំនួន ១០ ៤៤៣នាក់ និងមានសិស្សានុសិស្ស ត្រូវចូលរៀនវិញចំនួន ១៣៩ ៥៧៨នាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: