ព័ត៌មានជាតិ

ក្រុមការងារចល័ត ចុះពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន ៩គ្រឿង ក្នុងខេត្តតាកែវ ក្នុងនោះ ៤គ្រឿងត្រូវបានពិន័យ និងមួយគ្រឿងទៀតត្រូវឃាត់ទុករយៈពេលមួយឆ្នាំ

BY
srey nuch
September 16, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន ៩គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៤គ្រឿងត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

គួរបញ្ជាក់ថា យានយន្តចំនួន ១គ្រឿងខាងលើដែលត្រូវឃាត់ទុកចំនួន ១ឆ្នាំ គឺអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ប្រតិបត្តិការខាងលើបានធ្វើនៅផ្លូវលេខ១២៥ គីឡូម៉ែត្រលេខ៥+៥០០ ភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ជាថ្មីម្តទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: