លក្ខខណ្ឌចាំបាច់៥ចំណុច ដែលអាណាព្យាបាលត្រូវតែដឹង មុននាំកូនៗអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មកចាក់វ៉ាក់សាំង
យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

កុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមមាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តាភ្ជាប់មកជាមួយនូវឯកសារ និងអនុវត្តគោលការណ៍ចាំបាច់ដូចខាងក្រោម៖
– សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
– ចំពោះកុមារ ដែលរស់នៅជាមួយមាតាបិតា-អាណាព្យាបាល ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល
– ចំពោះកុមារ ដែលស្នាក់នៅឆ្ងាយពីមាតាបិតា-អាណាព្យាបាល ត្រូវឲ្យមាតាបិតា-អាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឲ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់
– ចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ
– ចំពោះកុមារដែលជាជនអនាថា មិនអាចកំណត់អត្តសញ្ញាណពីសំណាក់មាតាបិតា គ្មានអាណាព្យាបាល និងមិនមានទីតាំងស្នាក់នៅពិតប្រាកដ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចេញលិខិតបញ្ជាក់ និងនាំយកពួកគេមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
