សហស្ថាបនិកក្រុមហ៊ុន WhatsApp ម្នាក់ទម្លាយពីមូលហេតុ ដែលគាត់ចេញពីក្រុមហ៊ុន Facebook និងប្រាប់ពីឥរិយាបថធ្វើការងាររបស់លោក Mark Zuckerberg
កាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Facebook បានទិញក្រុមហ៊ុន WhatsApp ក្នុងតម្លៃ ១៩ ពាន់លានដុល្លារ ហើយពេលនេះមានសហស្ថាបនិកក្រុមហ៊ុន WhatsApp ម្នាក់គឺលោក Brian Acton បានទម្លាយពីមូលហេតុ ដែលគាត់ចេញពីក្រុមហ៊ុន Facebook និងប្រាប់ពីរបៀបធ្វើការងាររបស់លោក Mark Zuckerberg ប្រាប់ដល់សារព័ត៌មានពេញពិភពលោក។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទស្សនាវត្តី Forbes លោក Brian Acton បានឲ្យដឹងថា លោកបានបោះបង់ក្រុមហ៊ុន Facebook ក្នុងខែឆ្នូ ឆ្នាំ២០១៧ ព្រោះតែការមិនយល់ស្របមួយជាមួយនឹង Mark Zuckerberg ជុំវិញបញ្ហារកលុយតាមរយៈការផ្សាយពាណិជ្ជកម្មតាមរយៈបណ្តាញសង្គម។
ជាងនេះលោក Brian Acton ថែមទាំងបានទម្លាយថា លោក Mark Zuckerberg បានធ្វើឥរិយាបថមិនគួរសមមួយនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងមហាសេដ្ឋីជាច្រើននាក់ផងដែរ។ ហើយពេលនោះហើយដែលលោក Brian Acton សម្រេចថា វាគឺជាលើកចុងក្រោយ ដែលគាត់ត្រូវធ្វើការជាមួយនឹងលោក Mark Zuckerberg ទៀតនោះ។ សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះទាំងក្រុមហ៊ុន Facebook និង WhatsApp សុទ្ធតែមានអ្នកប្រើប្រាស់រាប់លាននាក់ជុំវិញពិភពលោក និងអាចរកលុយបានរាប់លានដុល្លារផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ metro