ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៩លានដូសទៀតនឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ

BY
srey nuch
September 17, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៩លានដូសទៀតនឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ ខណៈដែលវ៉ាក់សាំងចំនួន ៦លានដូសជាការបញ្ជាទិញ និង ៣លានដូសជា ជំនួយរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាកសំាងជូនកុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលត្រូវប្រើប្រាស់វ៉ាក់សាំងចំនួន ៧៧៣ ៤៣៧ដូស សម្រាប់កុមារ ចំនួន ៣៨៦ ៧១៩នាក់ ខណៈដែលយើងនៅសល់វ៉ាក់សាំងជាង៤លានដូស ដែលមិនទាន់គិតពីវ៉ាក់សាំងនៅតាមបណ្តាខេត្ត ដែលខេត្តខ្លះ នៅសល់វ៉ាក់សាំងត្រៀម ត្រូវយកមករាជធានីភ្នំពេញវិញ។

សម្តេចតេជោបញ្ជាក់ថា ជាទម្លាប់របស់សម្តេច គឺមិនឱ្យកងទ័ពខ្វះគ្រាប់ក្នុងការធ្វើសង្រ្គាមនោះទេ ហើយបើគ្មានរបស់ក្នុងដៃទេ សម្តេចមិន បញ្ជាឱ្យវាយនោះទេ ដូច្នេះបើគ្មានវ៉ាក់សាំងក្នុងដៃទេគឺមិនឱ្យចាក់ជូនប្រជាពលរដ្ឋឡើយ។

សម្តេចតេជោបានឱ្យដឹងថា ក្រោយពីចែកឱ្យទៅខេត្តអស់ចំនួនជាង៧សែនដូស នៅសល់ ៣ ៤៧៦ ២៦៣ ដូស ហើយត្រូវបញ្ជូនទៅខេត្ត ដែលស្អែកនេះនឹងត្រូវចាប់ផ្តើមបើកចាក់ទំាងអស់ចំនួន ៣២១ ៣៣២ ដូស ។ ក្រោយពីការចែកចាយរួចហើយ យើងនៅសល់វ៉ាក់សាំង ចំនួន ៤៥៤ ៩៣៧ដូស ដោយមិនទាន់គិតពីវ៉ាក់សាំងនៅសល់តាមខេត្តដែលត្រូវបញ្ជូនត្រឡប់មកវិញ ព្រោះកន្លែងខ្លះបើសល់វ៉ាក់សាំង ស៊ីណូវ៉ាក់ គឺទុកប្រើប្រាស់សម្រាប់ចាក់ក្មេងតែម្តងទៅ។

« ថ្ងៃទី២៤ នេះវ៉ាក់សំាងនឹងមកដល់៣លានដូស ថ្ងៃទី២៦ឬ២៧នឹងមកដល់៣លានដូសទៀត នេះគឺយើងបញ្ជាទិញមួយ គឺកំណត់ពេលវេលាជាក់លាក់ បង់លុយ បង់កាក់រួចរាល់៣លានដូសសម្រាប់ថ្ងៃទី២៤ នៅសល់ប្រហែល៧ថ្ងៃទៀតបាន៣លានដូស ។ វ៉ាក់សាំងចំនួន៣លានដូសទៀតខ្ញុំបញ្ជាក់ ខ្ញុំបញ្ជាត្រង់ទៅលោកជំទាវ យក់ សម្បត្តិ ថាឱ្យទាក់ទងទៅស៊ីណូវ៉ាក់ភ្លាម យក៣លានដូសបន្ថែម ហើយសុំបន្ទាន់ តែ២០ទេយើងទទួលបានការបញ្ជាក់ថា ផ្តល់ជូន៣លានដូសគ្រាន់តែមិនទាន់បញ្ជាក់ថ្ងៃច្បាស់ គ្រាន់តែថា ថ្ងៃទី២៦ឬ២៧ តែប៉ុណ្ណឹង ។ អ៊ីចឹងយើងមាន៦លានដូសក្នុងខែកញ្ញានេះតែម្តង ឱ្យមកនៅក្នុងឃ្លាំងសិន ជាមួយ៤សែនដូសដែលនៅសល់ ។ នៅសល់៣លានដូសបន្ថែមទៀតដែលរដ្ឋមន្រ្តីការបរទេសចិនមកថ្ងៃមុនឱ្យទៀត មិនជាយូរនោះទេតែគាត់ហ៊ានប្រកាសហើយ អ៊ីចឹងស៊ីណូវ៉ាក់នឹងមកដល់សរុប នៅពេលខាងមុខនេះ » ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: