ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើការឆ្លើយតបករណីមន្ត្រីចុះហាមឃាត់ពលរដ្ឋមិនឱ្យសម្លា-ប់សត្វពពែយកសាច់ទទួលទាន

BY
Khmernote Media
September 18, 2021

កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវិដេអូ និងសារមួយឃ្លាបង្ហាញពីប្រតិកម្មរបស់សម្តេច ចំពោះមន្ត្រីប៉ុន្មានរូបដែលបានចុះចាប់សាច់ពពែរបស់ប្រជាពលរដ្ឋហើយថាវាជារឿងខុសច្បាប់។ សម្តេចតេជោ បានថ្លែងនៅក្នុងសារមួយឃ្លាដោយសួរចំៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាអភិបាលខេត្ត ថាតើបានដឹងរឿងនេះដែររឺទេ ហើយត្រូវស្រាវជ្រាវរឿងនេះ មកបំភ្លឺអោយសម្តេចបានដឹងវិញ ក៏ដូចជាអោយប្រជាពលរដ្ឋបានដឹងទូទៅផងដែរ។

ក្នុងសារមួយឃ្លានោះសម្តេចតេជោ បានថ្លែងថា៖ “តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ”។

ភ្លាមៗនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឆ្លើយតបទៅកាន់សម្តេចថា “ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា​៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ”

Share This Post: