ព័ត៌មានជាតិ

ក្រសួងសាធារណការ ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញ ១៥គ្រឿង នៅខេត្តចំនួន៤ ក្នុងនោះយានយន្ត ៨គ្រឿងត្រូវបានពិន័យ និង៤គ្រឿងទៀត ត្រូវបានឃាត់ទុករយៈពេលមួយឆ្នាំ

BY
srey nuch
September 21, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ១៥គ្រឿង ក្នុងខេត្តកំពង់ស្ពឺ កណ្តាល ព្រៃវែង និងខេត្តកំពត ក្នុងនោះយានយន្ត ៣គ្រឿងមិនលើសទម្ងន់កម្រិតកំណត់ យានយន្ត ៨គ្រឿង ត្រូវបានពិន័យ និង ៤គ្រឿងទៀតត្រូវបានពិន័យឃាត់ទុក ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

ក្នុងប្រតិបត្តការចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន១៥គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៨គ្រឿងត្រូវបានពិន័យ និង៤គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

ក្នុងទិន្នន័យខាងលើ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៥គ្រឿង លើផ្លូវ១៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០%ចំនួន ២គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿងត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ ចំណែកយានយន្ត ២គ្រឿងផ្សេងទៀត ដែលមិនលើសទម្ងន់កម្រិតកំណត់ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរដោយមិនមានការពិន័យ។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៣គ្រឿង លើផ្លូវ២១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០%ចំនួន ២គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿងត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ២គ្រឿង លើផ្លូវជាតិលេខ១១ គីឡូម៉ែត្រលេខ៥៤ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០%ចំនួន ១គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿងត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៥គ្រឿង លើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១១៩ ស្រុកទឹកឈូ ខេត្តកំពត ដោយយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ក្រោម ២០%ចំនួន ៣គ្រឿងត្រូវបានពិន័យ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់លើស ២០% ចំនួន ១គ្រឿងត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ ចំណែកយានយន្ត ១គ្រឿងផ្សេងទៀត ដែលមិនលើសទម្ងន់កម្រិតកំណត់ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរដោយមិនមានការពិន័យ។

គួរបញ្ជាក់ថា យានយន្តចំនួន ៤គ្រឿងខាងលើដែលត្រូវឃាត់ទុកចំនួន ១ឆ្នាំ គឺអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ជាថ្មីម្តទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕​

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: