រដ្ឋាភិបាលថៃគ្រោងចេញច្បាប់ថ្មីមួយនេះ ដើម្បីលើកទឹកចិត្តដល់កសិករ ដែលធ្វើកសិកម្មខ្នាតតូច
ថៃ៖ រដ្ឋាភិបាលថៃកំពុងតែរៀបចំបង្កើតច្បាប់ថ្មីមួយ ដើម្បីធ្វើការលើកលែងពន្ធលើការប្រើប្រាស់ទឹកធ្វើកសិកម្ម ចំពោះកសិកម្មខ្នាតតូច។ បើយោងតាមលោក Akanit Muensawad ប្រធានរដ្ឋសភាថៃបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សេចក្តីព្រាងច្បាប់ខាងលើនេះត្រូវបានរៀបចំឡើងរួចហើយ និងកំពុងរង់ចាំការត្រួតពិនិត្យលើកទី ២ និងទី ៣ បន្ថែមទៀត មុននឹងធ្វើការអនុម័ត។
ច្បាប់ដែលមានគោលបំណង់លើកលែងមិនយកពន្ធលើការប្រើប្រាស់ប្រព័ន្ធទឹកសម្រាប់កសិកម្មខ្នាតតូចនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបន្ថយសំពាធដល់ក្រុមកសិករ ក៏ដូចជាជួយលើកកម្ពស់ជីវភាពពួកគាត់ផងដែរ។ បើគ្មានអ្វីប្រែប្រួលនោះទេ ច្បាប់នេះនឹងត្រូវគេអនុម័តនៅចុងឆ្នាំនេះហើយ។ សម្រាប់ប្រជាកសិករថៃបានសម្តែងនូវការសាទរយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងច្បាប់មួយនេះ ហើយពួកគាត់សង្ឃឹមថា ច្បាប់ថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍បានច្រើនសម្រាប់ប្រជាកសិករទូទាំងប្រទេសថៃ៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost