ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ៨,៥៣០ ករណី កាលពីម្សិលមិញនេះ
- BY
- autoadmin
- September 25, 2021
អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៥៣០ ករណី កាលពីយប់ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងក្នុងសហគមន៍សរុប នៅក្នុងរលកថ្មីចុងក្រោយរបស់ខ្លួន កើនឡើងដល់ ៧៣២,៤៩៣ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទីក្រុងហូជីមិញនៅតែនាំមុខគេនៅក្នុងចំណោមការឆ្លងថ្មីៗ ដោយមានករណីចំនួន ៣,៧៨៦ ករណី ត្រូវបានកត់ត្រា ហើយបន្ទាប់មកទៀតគឺខេត្តប៊ិញឌួង ដែលមាន ២,៩៧៨ ករណី។

ទន្ទឹមនឹងនេះផងដែរ មានករណីស្លាប់ចំនួន ២០៣ ករណី ត្រូវបានបញ្ជាក់នៅថ្ងៃដដែលនោះ ដែលនាំឱ្យការស្លាប់សរុបមានដល់ ១៨,២២០ ករណី។ ចំណែកឯចំនួននៃការជាសះស្បើយឡើងវិញបានកើនឡើងដល់ ៥០៥,៨៥៩ ករណី បន្ទាប់ពីមានការរំសាយចេញចំនួន ១២,៣៧១ ករណី នៅថ្ងៃសុក្រដដែល។ គិតមកទល់ពេលនេះ មានពលរដ្ឋវៀតណាមជាង ៣៦.៧ លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយដូស ហើយជិត ៧ លាននាក់ បានទទួលវ៉ាក់សាំងបង្ការគ្រប់ចំនួនដូសតាមការណែនាំ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






