ក្រសួងអប់រំ ប្រកាសបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដោយឈរលើគោលការណ៍ ១១ចំណុចនេះ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្ដីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន បានឲ្យដឹងថា ចាប់តាំងដើមសប្តាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២១ ដោយមានកិច្ចសហការ និងគាំទ្រសំណាក់រដ្ឋបាលរាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាបបានចាប់ផ្ដើមដំណើរការបង្រៀន និងរៀនតាមបណ្ដុំ បន្ទាប់ពីការផ្អាកដំណើរការចាប់តាំងពីការផ្ទុះឡើងវិញនៃព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ។

ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវសេចក្ដីណែនាំចំនួន ២៖ ១.សេចក្ដីណែនាំចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ដីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប និង២.សេចក្ដីណែនាំ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីគោលការណ៍ប្រតិបត្តិស្ដង់ដាសម្រាប់ការលើកម្ពស់សុខភាពនិងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។
ក្រសួងអប់រំ បានបន្តឲ្យដឹងថា ដោយឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ ១១ចំណុច សម្រាប់ការបើកដំណើរការឡើងវិញដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដូចខាងក្រោម៖
១. ការបើកដំណើរការបង្រៀននិងរៀន ការអនុវត្ដប្រតិបត្តិ និងការស្រាវជ្រាវ នៅគ្រឹះស្ថានឧត្ដមសិក្សា ត្រូវចាប់ផ្ដើមពីកម្រិតសាកល្បង
២. ការបើកដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងស្រាវជ្រាវ នៅគ្រឹះស្ថានឧត្ដមសិក្សាត្រូវពោរពតាមបទដ្ឋានសុខាភិបាលជាចាំបាច់
៣. ការបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ សម្រាប់និស្សិតដែលរៀនក្នុងថ្នាក់ដោយផ្ទាល់ និង រៀនតាមប្រព័ន្ធអនឡាញ និងត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត និងសមធម៌
៤. គណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា វាយតម្លៃកម្រិតហានីភ័យនៃការផ្ទុះឡើង និងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងបរិវេណនៃគ្រឹះស្ថានឧត្ដមសិក្សា ដោយមានការចូលរួម
៥. ការផ្ដល់សិទ្ធិក្នុងការសម្រេចចិត្ត និងការទទួលខុសត្រូវជាលក្ខណៈស្ថាប័ន ជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា និងការកំណត់ការបរិច្ឆេទ និងលំដាប់លំដោយនៃការសាកល្បងដំណើរការបង្រៀននិងរៀន ការអនុវត្ដប្រតិបត្តិ ការស្រាវជ្រាវ
៦. ការប្រមូលផ្ដុំ និងការជួបជុំរវាងបុគ្គលិកអប់រំ និងនិស្សិត នៅក្នុងដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ មានចំនួនឱ្យលើស ២០នាក់ក្នុងមួយថ្នាក់
៧. ការបង្កើតគណៈកម្មារសុខសុវត្ថិភាពសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សា
៨. ការធ្វើតេស្តកូវីដ១៩ សាស្ត្រចារ្យនិងនិស្សិតគ្រប់រូប ប្រសិនបើមានលទ្ធភាព
៩. ការរៀន និងបង្រៀនក្នុងថ្នាក់សម្រាប់សាស្ត្រចារ្យ និងនិស្សិតដែលបានចាក់វ៉ាក់សាំង និងដែលគ្មានរោគប្រចាំខ្លួន
១០. ការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្អាកដំណើរការជាបណ្ដោះអាសន្នគ្រឹះស្ថានឧត្ដមសិក្សានិងថ្នាក់ ប្រសិនបើមានការឆ្លងកូវីដ១៩
១១. ក្រសួងអប់រំ យុវជន និងកីឡានឹងពិនិត្យសំណើ និងចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្រឹះស្ថានឧត្ដមសិក្សា។






ប្រភព៖ MoEYS Cambodia