មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារកត្តាបែបនេះ
MC៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដកើនឡើង ក្នុង រយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារបុគ្គលមួយចំនួន មិនអនុវត្តវិធានការសុខាភិ បាលត្រឹមត្រូវ ជាពិសេសការជួបជុំ និងការចល័តបុគ្គលពីកន្លែងមួយទៅមួយទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រកាសបិទបញ្ចប់យុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រៃវែង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ -១៩ នៅប្រទេសកម្ពុជា កើនដល់ជាង៨០០នាក់ជាប់ៗគ្នា ដោយសារបុគ្គលមួយចំនួន មិនអនុវត្តវិធានការសុខាភិ បាលត្រឹមត្រូវ ជាពិសេសការជួបជុំ និងការចល័តបុគ្គលពីកន្លែងមួយទៅមួយទៀត។
លោកជំទាវបន្ថែមថា ប៉ុន្មានថ្ងៃមុនពលរដ្ឋរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ដូច្នេះការរៀបចំពិធីបុណ្យនេះ បានបង្កើនកំណើនចរាចរណ៍ ឬចល័តរបស់ពលរដ្ឋទៅវិញ ទៅមកគ្រប់ទិសទី ដើម្បីទិញម្ហូបរៀបចំប្រគេនសង្ឃ ហើយ ក៏ជាមូលហេតុ នៃការចម្លងកូវីដ-១៩ នៅពេលបុគ្គលមួយ ចំនួន មិនអនុវត្តវិធានការការ ពារមិនបានត្រឹមត្រូវ។
លោកជំទាវបន្តថា ក្រសួងសង្កេតឃើញថា ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ភាគ ច្រើន គឺនៅកន្លែងជួបជុំគ្នាដែលមានមនុស្សច្រើន នេះជាក្ដីបារម្ភមួយ ស្របពេលដែលការងារចាក់វ៉ាក់សាំងបានស្រោ ចទូទាំងប្រទេសបានអត្រាគួរជាទីមោទនៈ។ ដូច្នេះបុគ្គលគ្រប់រូបត្រូវមានការទទួល ខុសត្រូវ ចំពោះការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នកើនឡើងខ្លាំងជាងនេះ ។

សំឡេង៖« អ្វីដែលយើងមើល ឃើញប្រសិន បើយើងទុកលទ្ធភាពឱ្យបុគ្គលចល័តគាត់ច្រើនតទៅទៀត នោះមហាអន្តរាយនៃសុខភាពសាធារ ណៈវានឹងកើតឡើង ដែលយើងមិនអាចប៉ាន់ប្រមាណបាននោះទេ។ ទី២ នៅពេលដែលបុគ្គលគាត់ចល័តទៅមកក្នុងវត្តដោយខ្វះការប្រុង ប្រយ័ត្ន ដោយខ្វះការអនុវត្តនូវវិធានការការពារ។ទី៣ ដែលយើងសង្កេតឃើញនោះ គឺការជួបជុំ ពីព្រោះដល់ពេលមានពិធីបុណ្យទាន គឺបងប្អូនប្រជា ពលរដ្ឋរបស់យើងច្រើនតែធ្វើ ការជួបជុំគ្នា ដោយគាត់ភ្លេចគិតថា វីរុសកូវីដ១៩ វានៅចរាចរណ៍នៅឡើយ ហើយវីរុសនេះគឺវានៅក្បែរៗយើងនៅឡើយទេ។ អ៊ីចឹងវាបង្កលក្ខណៈមួយឱ្យវីរុសកូវីដ ១៩ នេះ វានឹងធ្វើចរាចរណ៍ពីបុគ្គលមួយទៅបុគ្គលមួយ។ អ៊ីចឹងការកើនឡើងនិងការហក់ឡើងនៃករណីឆ្លងនេះ ដោយសារយើងរកឃើញនៅកន្លែងដែលផ្តុំគ្នា ដូចជា ក្នុងផ្សារព្រោះវាជាទីប្រជុំជន ដែលមនុស្សម្នាជាច្រើនបានទៅកាន់ទីនោះ ឬក៏នៅក្នុងទីវត្តអារាម ឬក៏នៅក្នុងកន្លែង ណាមួយដែលមានការជួបជុំ គ្នា អ៊ីចឹងចំនួនច្រើននេះដែលយើងបូកទៅ យើងឃើញហក់ឡើងច្រើន»។
លោកជំទាវបញ្ជាក់ទៀតថា បច្នុប្បន្ននេះវិធានការ៣ ការ ពារ គឺប្រជាពលរដ្ឋអនុវត្តបានល្អ ប៉ុន្តែចំពោះវិធានការ៣កុំវិញនៅពុំទាន់ល្អនោះទេ ដូច្នេះសូមប្រជាពលរដ្ឋត្រូវមានការភ្ញាក់រលឹកឡើងវិញ ហើយកុំរំពឹងទៅវ៉ាក់សំាងតែ មួយមុខ ព្រោះវ៉ាក់សំាងគឺមាន ប្រសិទ្ធភាពការពារមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាកពេទ្យ និងកាត់បន្ថយហានិ ភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ នៅតែអាចកើតមាន។
គួរជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺដើម្បី ធានាសុវត្ថិភាព បងប្អូនប្រជា ពលរដ្ឋពីជំងឺឆ្លងកាចសាហាវ ខណៈក្នុងពេលកាន់បិណ្ឌរយៈ ពេលពីរថ្ងៃប៉ុណ្ណោះនៅតាមទី អារាមជាច្រើនបានរកឃើញការផ្ទុះឡើង នូវជំងឺកូវីដ១៩ គួរឱ្យកត់សម្គាល់។ ក្នុងនោះសម្តេចតេជោ ក៏បានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ ថ្ងៃដដែល ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ដើម្បីឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់អាចដើរ កម្សាន្តដោយសេរីនៅតាមរមណីយដ្ឋានធម្មជាតិ នានាមួយចំនួននៅទូទាំងប្រទេសប៉ុន្តែត្រូវអនុវត្តវិធានការទៅ តាមក្រសួងសុខាភិបាលដោយម៉ឺងម៉ាត់ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ពីការចម្លងវីរុសកូវីដ១៩៕
